កំពង់ធំ៖ អាជ្ញាធរនិងប្រជាពលរដ្ឋនៅខេត្តកំពង់ធំព្រមទាំងព្រះសង្ឍ បានសម្តែងការអបអរសាទរចំពោះគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការដើម្បីវប្បធម៍និងអប់រំរបស់អង្គការសហប្រជាជាតិ(យូណេស្កូ)បានសម្រេចចុះតំបន់ប្រាសាទសំបូរព្រៃគុកទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅ
ថ្ងៃទី៨ខែកក្តដាឆ្នាំ២០១៧នេះ។
ដើម្បីអបអរសាទរព្រឹត្តិការណ៏ជាប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ខេត្តកំពង់ធំក៏ដូចជាព្រះរាជាណចក្រកម្ពុជាទាំងមូលនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១០ខែកក្តដាឆ្នាំ២០១៧នេះ អាជ្ញាធរស្រុកប្រាសាទសំបូរព្រមទាំងកងកម្លាំងសមត្ថកិច្ចនិងមន្ត្រីរាជការ ព្រះសង្ឍបាន លោកគ្រូអ្នកគ្រូ សិក្សានុសិស្សបានចូលធ្វើពិធីអបអរសាទរនៅក្នុងបរិវេនប្រាសាទសំបូរគុក ស្ថិតនៅក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
លោក សេងមឿង នាយនគរបាលទេសចរណ៏ប្រចាំនៅតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកបានរៀបរាបប្រាប់ឲ្យដឹងថា នៅក្នុងរមណីយដ្ឋាននៃតំបន់ប្រាសាទសំបូព្រៃគុក មានប្រាសាទតូចធំសរុបចំនួន២៩០ប្រាសាទតែបច្ចប្បន្ននៅសល់តែកំពូលប្រាសាទចំនួន៦០ដែលនៅល្អ។
ឯកឧត្តម សុខ អភិបាលខេត្តកំពង់ធំមានប្រសាសន៍ថា នៅតាមបណ្តាមន្ទីរជុំវិញខេត្តកំពង់ធំទាំងអស់បានប្រារព្វ ពិធីអបអរសាទរ ចំពោះការទទួលស្គាល់និងបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដ៏មហិមានេះគឺតម្រូវឲ្យមានការ វាយគង ទូងស្គរ ទះប៉ោតនិងគោះត្រដោក តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ព្រោះថាកម្មវិធីធំ គឺបានប្រារព្វធ្វើនៅកោះពេជ្រ នាថ្ងៃទី១៧ខែកក្តដានេះ និងត្រៀមធ្វើនៅទីតាំងតំបន់ប្រាសាទសំបូរព្រៃគុកផ្ទាល់ បន្ទាប់ពីធ្វើនៅកោះពេជ្រហើយដោយរងចាំពិភាគ្សាជាមួយក្រសួងវប្បធម៍ ដើម្បីកំណត់ថ្ងៃ។
លោកខៀវប៉ាង អភិបាលស្រុកប្រាសាទសំបូរ បានរៀបចំពិធីអបអរសាទរនៅក្នុងបរិវេនប្រាសាទសំបូរពញរៃគុកនេះ ផ្ទាល់ ដោយមានក្រុម ភ្លេងពិនពៀត ក្រុមរបាំ និងច្រៀងបទភ្លេងជាតិជាសញ្ញាណដើម្បីថែរក្សាវប្បធម៍ប្រវត្តិសាស្ត្រនេះ ទន្ទឹមគ្នានេះព្រះសង្ឍ ក៏បាននិមន្តមកទស្សនានៅតំនប់ប្រាសាទព្រៃគុកផ្ទាល់ក៏បានសម្តែងការសាទរចំពោះព្រឹត្តិការដ៏សំខាន់នេះដែរ ៕ ប៊ុន រិទ្ធី



































