បន្ទាយមានជ័យ៖ ក្រោយពីប្តីស្លាប់ចោលទៅ ស្ត្រីម្នាក់បានសម្រេចចិត្តរស់នៅភាពជាមេម៉ាយជាមួយនឹងកូន៥នាក់ព្រមទាំងចិញ្ចឹមម្តាយចាស់ជរាម្នាក់ក្នុងបន្ទុកផង។ស្ត្រីខាងលើរស់នៅក្នុងខ្ទមឈើប្រកសង្ក័សីទ្រុឌទ្រោមតូចចង្អៀតស្ថិតក្នុងភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
ជួបជាមួយអ្នកយកពត៌មានយើងលោកស្រី ចែត្រ ឆវ័ន្ត អាយុ៣៨ឆ្នាំបាននិយាយថា គាត់ត្រូវបានប្តីស្លាប់ចោលច្រើនឆ្នាំមកហើយដោយសារគ្រោះថ្នាក់ចរាចរណ៍គឺស្លាប់តាំងពីកូនភ្លោះរបស់គាត់នៅជាកូនង៉ាម្លេះ។គាត់ថាសព្វថ្ងៃក្រៅពីស៊ីឈ្នួលគេក្បែរផ្ទះគឺ គាត់មិនអាចចេញទៅប្រកបរបរអ្វីបានឆ្ងាយទេ ព្រោះកូនទាំង៥នាក់នៅតូចៗ មិនតែប៉ុណ្ណោះត្រូវមើលថែម្តាយឈឺវ័យជិត៨០ឆ្នាំទៀត។លោកស្រី ចែត្រ ឆវ័ន្ត ក៏ប្រាប់អោយដឹងដែរថា ជាគុណបុណ្យណាស់សម្រាប់ក្រុមគ្រួសារគាត់ដែលក្រោយពីប្តីបានស្លាប់ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រមទាំងលោកស្រីជាភរិយាបានជួយទំនុកបំរុងជាប្រចាំក្នុងមួយខែអង្ករមួយការ៉ុងនិងថវិកា១០ម៉ឺនរៀលសំរាប់ចាយវាយនិងអោយកូនទៅសាលា។
ទោះជាមានការជួយជ្រោមជ្រែងពីសំណាក់លោកមេបញ្ជាការកងរាជអាវុធហត្ថច្រើនយ៉ាងនេះក្តី ដើម្បីសម្រួលដល់រស់នៅរបស់គ្រួសារទុរគត៌មួយនេះ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទនិងលោកស្រី ក៏បានចំណាយធនធានផ្ទាល់ខ្លួនបន្ថែមទៀតជួយសង់ជម្រកដ៏សមរម្យមួយសម្រាប់ពួកគាត់ដែលសង់ពីរោងដែកប្រកសង្ក័សីប្រវែងប្រមាន៤,២ម៉ែត្រx៦,៦ម៉ែត្រនឹងតពង្រីកអោយមានបន្ទប់អនាម័យផងដែរ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ បានថ្លែងថាដោយអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថក្រៅពីការងារស្នូលគឺត្រូវតែចូលរួមជាមួយការងារសង្គមក្នុងរួមចំណែកជាអាជ្ញាធរមូលដ្ឋានចែករំឡែកនូវអ្វីដែលពលរដ្ឋកំពុងត្រូវការដោយមិនប្រកាន់និន្នាការនយោបាយ៕ដោយ:ឃិន គន្ធា




































