សៀមរាប៖ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវិធានការរុះរើសំណង់ខុសច្បាប់នៅក្នុងឧទ្យានអង្គរ នាព្រឹកថ្ងៃទី១២ ខែកក្កដានេះ ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានព្រមានថា នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះមន្ត្រីអប្សរាទាំងឡាយណាដែលដើរយកលុយ ពីសំណង់ខុសច្បាប់នានា
ដែលបានសាង់សង់ នៅតំបន់តំបន់រមណីយដ្ឋានអង្គរ។
ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា កន្លងមកមានព័ត៌មានជាច្រើននិយាយថា មានមន្ត្រីអាជ្ញាធរអប្សរា បានដើរទារលុយជាថ្នូរនឹងការឲ្យសាងសង់សំណង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ប៉ុន្តែមិនមាន ឯកសារឬភស្តុតាង ណាមួយរកឃើញថា មន្ត្រីអប្សរា ដើរយកលុយនោះទេ។ ឯកឧត្តមបញ្ជាក់ថា បើសិនជាមានភស្តុតាង មានមន្ត្រីអប្សរា ដើរយកលុយមែន លោកនឹងចាត់វិធានការ តាមផ្លូវច្បាប់។ ចំណែកអ្នកផ្តល់ព័ត៌មាន ក៏នឹងទទួលបានរង្វាន់លើកទឹកចិត្តផងដែរ។
គួរបញ្ជាក់ថា សំណង់ខុសច្បាប់បានរីករាលដាលយ៉ាងច្រើន នៅក្នុងតំបន់ឧទ្យាន អង្គរ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៤។ តាមស្ថិតិរបស់អាជ្ញាធរជាតិអប្សរា សំណង់ខុសច្បាប់ទាំងនេះមានចំនួន៥២៣ទីតាំង៕







































