ខេត្តរតនគិរី៖ កម្លាំងនគរបាលខេត្តរតនគិរីសហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែងធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ បន្ទាប់ពីជនសង្ស័យបានសារភាពពាក់ពន្ធ័ក្នុងករណីលួចម៉ូតូពីខេត្តរតនគិរីមកលក់នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ។
នគរបាលបានប្រាប់ឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ គឺដោយសារតែអ្នកទិញម៉ូតូ នៅក្នុងខេត្តស្ទឹងត្រែង មានការសង្ស័យថា ម៉ូតូដែលជនសង្ស័យកំពុងតែដើរលក់នោះ គឺជាម៉ូតូដែលលួចគេ ក្រោយមកក៏បានរាយការណ៍ប្រាប់នគរបាល។ បន្ទាប់ពីនគរបាលទទួលបានដំណឹងនេះភ្លាម នគរបាលក៏បានដាក់កម្លាំងឲ្យឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ នោះយកមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។
នគរបាលបានបន្តថា ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូកាលពីវេលោម៉ោង១នឹង៥០នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចជិតវត្តអូរចេង ស្ថិតនៅភូមិតាអង១ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ព្រមទាំង យកមកលក់នៅខេត្តស្ទឹងត្រែងនៅថ្ងៃខែឆ្នាំដរដែល។
នគរបាលបានបន្ថែមទៀតថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ហេង វិសិទ្ធ ហៅ(អា សិទ្ធ) អាយុ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ឃុំអូរឬស្សី ស្រុកចិត្របូរី ខេត្តក្រចេះ ទី២-ឈ្មោះ ហឿង សុមាន ហៅ(អា មាន) អាយុ២០ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិកន្រ្ទីង ឃុំកន្រ្ទីង ខេត្តក្រចេះ បក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។
ចំណែកម៉ូតូ ដែលជនសង្ស័យលួចនោះម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ផលិតក្នុងឆ្នាំ២០១៥ ពាក់ស្លាកលេខរតនគិរី 1B-3508 ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នគរបាលកំពុងរៀបចំសំណុំរឿង ប្រគល់ជនសង្ស័យនិងវត្ថុតាងឲ្យទៅនគរបាលខេត្តរតនគិរីដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕ដោយ យក្ខ ឡោម




































