(សៀមរាប)៖ ចាប់តាំងពីដីមានហាងឆេងខ្ពស់មកគេសង្កតឃើញថា ឈ្មួញមួយចំនួនហ៊ានរំលោភបំពានចាប់យកដីរដ្នគ្មានញញើតមិនថា ដីស្ទឹង បឹងបួរ ព្រែក នោះទេជាក់ស្ដែង ដីចំណីស្ទឹង ក្បែរក្បាលស្ពានកំពង់ក្តី ស្ថិតនៅចំពីមុខ សាលាស្រុកជីក្រែង ត្រូវបានក្រុមឈ្មួញចាក់ដីលុបរំលោភយកធ្វើជាកម្មសិទ្ធិឯកជន ក្រោមខ្សែភ្នែក លោកអភិបាល ស្រុកជីក្រែង បែរជាអាជ្ញាធរ សមត្ថកិច្ច ជំនាញ រក្សារភាព ស្ងៀមស្ងាត់ ធ្វើមិនដឹងអ្វីទាំងអស់ ត្រូវបានគេសង្ស័យថា បានទទួល លាភសាក្ការះពីក្រុមឈ្មួញដី តាមរបៀបពុករលួយ ទើបមិនបញ្ចេញប្រតិកម្ម ហើយបណ្តោយឱ្យឈ្មួញចាក់ដីលុបចូលស្ទឹងតាមអំពើចិត្ត។
ប្រភពពីមន្ត្រីម្នាក់បានឲ្យដឹងថា ឈ្មួញគ្រោង និងសាងសង់សំណង់ រឹង នៅទីនោះតែដោយសារមានប្រជាពលរដ្ន រស់នៅក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ក៏ដូចជា ពលរដ្ឋទូទៅដែលធ្វើដំណើរតាមផ្លូវ ជាតិលេខ៦A ខេត្តសៀមរាបកំពុងរងការរិះគន់ខ្លាំងទើបផ្អាកសកម្មភាពសិន !ទទឹងនិងនោះក៏មានការចោតសួរថា ហេតុអ្វីមន្ត្រីអាជ្ញាធរឃុំកំពង់ក្តី ក៏ដូចជាមន្ត្រីអាជ្ញាធរស្រុកជីក្រែង និងអភិបាលខេត្តសៀមរាប មិនចាត់វិធានការទប់ស្កាត់ ទង្វើរបស់ក្រុមឈ្មួញទាំងនោះបែរជាបណ្តោយឱ្យអ្នកមានលុយ ទន្ទ្រានកាន់កាប់ដីចំណីស្ទឹង ធម្មជាតិ និងបំផ្លាញ បរិស្ថានធម្មជាតិ យ៉ាងគឃ្លើនដច្នេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ មិនគួរមើលរំលង តទៅទៀតទេ ព្រោះស្ពាន និងស្ទឹងកំពង់ក្តី ជាតំបន់អភិរក្ស ដ៏សំខាន់មួយនៅ ក្នុងខេត្តសៀមរាប។
ប្រជាពលរដ្ឋ បានរិះគន់ចំៗថា ប្រសិនបើគ្មានការ ឃុបឃិតបើកដៃ ពីសំណាក់មេឃុំ អភិបាលស្រុក និងមន្ត្រីមន្ទីរជំនាញពាក់ ព័ន្ធក្នុងខេត្តសៀមរាបទេនោះ គឺក្រុមឈ្មួញ មិនហ៊ានរំលោភ យកដីចំណីមាត់ស្ទឹងទៅធ្វើជាកម្មសិទ្ធិយ៉ាងស្រួលៗបានឡើយ។ជាក់ស្តែងប្រភព ពីមន្ត្រីតូចតាចក្នុង ស្រុកជីក្រែង ខេត្តសៀមរាប បានលើកឡើងថា ផ្អែកលើ សាលាស្រុកថ្មី ដែលសាងសង់នៅលើចំណីស្ទឹងដែរនោះ ទើបឈ្មួញហ៊ានទន្ទ្រាន កាន់កាប់ដីមាត់ស្ទឹង និង សាងសង់សំណង់រឹងធំៗនៅតាមស្ទឹងនោះ។ពួកគាត់បានសម្តែង នូវការសោកស្តាយ យ៉ាងខ្លាំង ដោយសារតែ ស្ទឹងធម្មជាតិកេរពី ដូនតាដ៏ល្បីល្បាញ ត្រូវបានធ្លាក់ក្នុង កណ្តាប់ដៃឈ្មួញ ទន្ទ្រានកាន់កាប់យ៉ាងកម្រោល។ពួកគាត់បានអំពាវនាវឲ្យ ថ្នាក់ដឹកនាំ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ពិនិត្យមើលភាពមិនប្រក្រតី ខាងលើនេះផង ព្រោះតាមច្បាប់ ភូមិបាលមិនអនុញ្ញាត ឲ្យមានការចេញ ប័ណ្ណកម្មសិទ្ធិគ្រប់គ្រង បឹងបួរ ស្ទឹង អូរ ប្រឡាយ ព្រែក ទន្លេ ទៅឲ្យបុគ្គលណា ម្នាក់ឡើយ។ ដូច្នេះករណីមន្ត្រីអាជ្ញាធរ និងមន្ត្រីមន្ទីរពាក់ព័ន្ធ ក្នុងខេត្តសៀមរាប មិនត្រូវចេញលិខិត ឲ្យក្រុមឈ្មួញ កាន់កាប់ដីចំណីស្ទឹង និង សាងសង់លំនៅដ្ឋាន ដោយខុសច្បាប់ យ៉ាងនេះទេ។
ប្រជាពលរដ្ឋម្ចាស់ឆ្នោតក្នុងស្រុកជីក្រែង ខេត្តសៀមរាបខ្លះ បានអំពាវនាវឲ្យ សម្តេចក្រឡាហោម ស ខេង និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខ រាជរដ្ឋាភិបាល មេត្តា ពិនិត្យមើលភាព អសកម្មរបស់ មន្ត្រីក្នុងស្រុកជីក្រែង ខេត្តសៀមរាបខ្លះផង ព្រោះសូម្បី តែដីចំណីមាត់ស្ទឹងកំពង់ក្តី ដែលជាតំបន់ អភិរក្សក៏គេ ហ៊ានចេញប័ណ្ណ កម្មសិទ្ធិឲ្យឈ្មួញ កាន់កាប់តាមអំពើចិត្តដែរ។
ចំណែកខាងម្ចាស់ដី ឆ្លើយយ៉ាងខ្លីថា គាត់ចាក់ដីមាត់ស្ទឹងនេះ គឺដីគាត់មានក្បាលដីតែ២០ម៉ែត្រតែប៉ុណ្ណោះ ឯដីចំណីស្ទឹងមាន៣០ម៉ែត្រ គាត់ចាក់ដីយកទាំងអស់ គឺចាក់ដើម្បីឱ្យស្អាតដីគាត់ ការចាក់នេះខាងស្រុកបានមកឃាតដែរតែគាត់មិនស្ដាប់។
លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បានបកស្រាយតាម ទូស័ព្ទថា ខាងស្រុកបានហ៊ានដែរតែគេមិនស្ដាប់ ម្យ៉ាង ម្ចាស់ដីមានដីនៅទីនោះ ក្បាល២០ម៉ែត្រ តែដោយឃើញសណ្ថានដីនៅទីនោះលំបាកពេកក៏ចាក់ដីដល់មាត់ស្ទឹងដើម្បីអោយស្អាតដី តែទោះយ៉ាងណា មិនមានសិទ្ធកាន់កាប់ដីនោះទេ ដោយយើងលិខិតបញ្ចាក់យ៉ាងច្បាស់លាស់គឺ( ហាមមិនអោយយកដីមាត់ស្ទឹងនេះធ្វើកម្មសិទ្ធិ)។ តែទោះយ៉ាងណា អ្នកសារពត័មានយើងនិងពិនិត្យ លិខិតបញ្ចាក់នោះអោយច្បាស់លាស់និង សង្កេតក្រែងលរមានការរលោកបំពាន់លើលិខិតបញ្ចាក់៕ រិទ្ធី