ខេត្តរតនគិរី៖ អាជីវករលក់គ្រឿងផ្លាកទីនកណ្ដាលផ្សារក្រុងបានលុង នាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឡាបានសៀក ក្រុងបានលុង បន្ទាប់ពីទូលក់គ្រឿង
ផ្លាកទីនរបស់ពួកគាត់ ត្រូវបានគេលួចគាស់បំផ្លាញជាច្រើនលើក តែមិនបាត់ទ្រព្យនោះទេ។
នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ នៅចំណុចកណ្ដាលផ្សារក្រុងបានលុង ខេត្តរតនគិរី មានការភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីក្រុមអាជីវករ ម្ចាស់ទូលក់គ្រឿងផ្លាកទីនចំនួន៥នាក់ ចូលផ្សារទៅលក់ជាធម្មតា តែទូរបស់ពួកគាត់ត្រូវបានគេលួចគាស់។
បើតាមការឲ្យដឹងពីអាជីវករ ជាជនរងគ្រោះបានឲ្យដឹងថា ពេលព្រឹកឡើងបន្ទាប់ពីសន្តិសុខផ្សារ បានចាក់សោរបើកទ្វារឲ្យពួកគាត់ចូលទៅលក់ជាធម្មតា អ្វីដែលពួកគាត់ភ្ញាក់ផ្អើលនោះ គឺពួកគាត់ឃើញទូរបស់គាត់ត្រូវរបើករាយប៉ាយអស់ តែមិនមានអ្វីដែលពួកគាត់ទុករបស់សំខានៗនៅក្នុងទូនោះទេ។ ក្រុមអាជីវករបានបន្តថា បើទោះជាពួកគាត់មិនមានបាត់ទ្រព្យសម្បត្តិរបស់គាត់យ៉ាងណាក៏ដោយ ពួកគាត់មកប្ដឹងនេះ គឺមានគោលបំណងចង់ឲ្យសមត្ថកិច្ចវែករកមុខជនប្រព្រឹត្ត តើគេធ្វើនេះដើម្បីអ្វីទៅ? និងកុំឲ្យមានហេតុការនេះកើតឡើងជាលើកទី៤បន្តទៀត ពីព្រោះការគាស់ទូនេះ មិនមែនជាលើកទី១នោះទេ គឺជាលើកទី៣ហើយ តែមិនដែលបាត់អ្វីទេ ពីព្រោះគ្រឿងដែលត្រូវលក់ដូរ ពួកគាត់ប្រមូលដាក់កាបូបយកទៅផ្ទះអស់ហើយ។ ក្រុមអាជីវបានបន្ថែមទៀតថា ពួកគាត់មិនបានចោទប្រកាន់ សង្ស័យទៅលើអ្នកណាម្នាក់នោះទេ តែកន្លងមក ពួកគាត់មិនបានបង់ថ្លៃជួលតូបប្រចាំឆ្នាំទៅឲ្យក្រុមហ៊ុនវិនិយោគផ្សារទេ ដោយ ពួកគាត់បានធ្វើការតវ៉ាថា ក្រុមហ៊ុនបានបង់ថ្លៃជួលតូប ពីពួកគាត់លើសក្នុងសៀវភៅបន្ទុកកិច្ចសន្យា ដូច្នេះពួកគាត់រងចាំការដោះស្រាយ ពីអាជ្ញាធរថ្នាក់ខេត្តសិន។
ជុំវិញករណីគាស់ទូលក់គ្រឿងផ្លាកទីនខាងលើនេះ លោកឧកញ៉ា សា លាង ម្ចាស់ក្រុមហ៊ុនវិនិយោគផ្សារក្រុងបានលុង បានឲ្យអ្នកសារព័ត៌មានដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៣ ខែកក្កដា នេះថា ករណីគាស់ទូក្នុងផ្សារនេះ លោកត្រូវតែឲ្យគណ:កម្មការផ្សារ ស្រាវជ្រាវឲ្យបានហ្មត់ចត់ វែកមុខរកឲ្យឃើញ ពីព្រោះវាមិនអាចមានអញ្ចឹងៗកើតឡើងទេ ដោយហេតុថា យើងចាក់សោរគ្រប់ពេលវេលា ដូច្នេះគណ:កម្មការផ្សារត្រូវតែសហការណ៍ជាមួយសមត្ថកិច្ច ស្រាវជ្រាវរកវែកមុខឲ្យឃើញ ឲ្យខានតែបាន។
ចំណែកលោក ជៀម សុផាត ដែលលោកឧកញ៉ា សា លាង អះអាងថា ជាគណ:កម្មការផ្សារនោះអ្នកសារណ័ត៌មាន មិនអាចសុំការបំភ្លឺណាមួយបានទេ ដោយទូរស័ព្ទចូលហើយ លោកថា ជាប់រវល់។
បើទោះជាយ៉ាងណា ករណីខាងលើនេះ មជ្ឈដ្ឋានប្រជាពលរដ្ឋក្នុងក្រុងបានលុងថា មិនមានអ្វីគួរឲ្យពិបាកស្រាវជ្រាវទេ ពីព្រោះផ្សារមានសន្តិសុខការពារ មានម៉ោង មានពេលបើកសោរ និងម៉ោងដែលត្រូវចាក់សោរ ហើយម្យ៉ាងវិញទៀតហេតុអីបានជា តូប ដែលមានទំនិញ ម៉េចក៏គេមិនគាស់ បែរជាគាស់ទូកញ្ចក់ ដែលមើលទៅមិនមានអីវ៉ាន់សោះ បែរជាគេគាស់ច្រើនលើក ច្រើនសារទៅវិញ??៕ ដោយ: យក្ខឡោម





































