ខេត្តរតនគិរី៖ និងយុវជនគឺជាជំហានដំបូងដើម្បីជួយពួកគេ ដោយលូតលាស់ ប្រកបដោយសុខភាព នេះគឺជាប្រធានបទដែលលើកឡើងក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ២៦ មិថុនា ២០១៧ ។ទិវាដ៏មានសារៈសំខាន់នេះត្រូវបានគណៈបញ្ជាការ ត្រួតពិនិត្យគ្រឿងញៀនខេត្តប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ ២០១៧ នៅសាល មហោស្របសម្តេចតេជោ ក្រោមអធិបតីភាពលោក ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការត្រួតពិនិត្យគ្រឿងញៀនខេត្តរតនគិរី និង លោក ណាប់ ប៊ុនហេង តំណាងឯកឧត្តមួងប៉យ ប្រធានក្រុមប្រឹក្សាខេត្ត។
ថ្លែងទៅកាន់អ្នកចូលរួមប្រមាណជាង២០០នាក់ លោក ថង សាវុន បានលើក ឡើងថា ប្រធានដែលបានលើកឡើងខាងលើ គឺក្នុងគោលបំណងពញ្ញាក់ស្មារតី ដាស់តឿនមាតាបិតា និងអាណាព្យាបាលឲ្យយកចិត្តទុកដាក់ថែទាំ និងស្វែងយល់ពី ទំនាក់ទំនង និងតម្រូវការរបស់កូនចៅ ដើម្បីដោះស្រាយ និងជួយណែនាំឲ្យពួកគេ អាចជៀសផុតពីបញ្ហាអវិជ្ជមានផ្សេងៗ នៅក្នុងសង្គមពិសេសបញ្ហាគ្រឿងញៀនដែល អាចកើតមានឡើងក្នុងតំណាក់កាលនៃការវិវត្តន៍លូតលាស់របស់ពួកគេ។ ឯឧត្តមបានបន្ត ថាដើម្បីញ៉ាំងឲ្យការប្រារព្ធពីធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឆ្នាំ ២០១៧ នេះកាន់តែមានអត្ថន័យ និងឆ្លើយតបទូលំទូលាយទៅនិងខ្លឹមសារប្រធាន បទរបស់អង្កការសហប្រជាជាតិ កម្ពុជានៅតែបន្តកំណត់យកពាក្យស្លោក ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន ក្នុងគោលបំណង បំផ្លាស់ និងជម្រុញឲ្យគ្រប់សមាសភាពនៃសង្គមចាប់អារម្មណ៍ចូលរួម និងគាំទ្រសកម្ម ថែមទៀត ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ឯកឧត្តមបានបញ្ជាក់ថា ជាក់ស្តេង របាយការណ៍គ្រឿងញៀនពិភពលោកក្នុងឆ្នាំ២០១៦ បានបង្ហាញថា ក្នុងរយៈពេល៤ឆ្នាំចុង ក្រោយមានមនុស្សប្រមាណ ២៤៧លាននាក់ បានប្រើប្រាស់គ្រឿងញៀន ហើយក្នុង ចំណោមអ្នកទាំងនោះមានចំនួន២៩លាននាក់ បានក្លាយជាអ្នកញៀន និងមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយក្នុងមួយឆ្នាំៗមានមនុស្ស២០ម៉ឺននាក់បានស្លាប់ដោយសារពាក់ព័ន្ធ និងគ្រឿងញៀន។
ដោយឡែកនៅប្រទេសកម្ពុជារហូតមកដល់ឆ្នាំ២០១៧ នេះមានប្រជាជន ប្រមាណ ២ម៉ឺននាក់បានប្រើប្រាស់គ្រឿងញៀន ដែរក្នុងនោះមានជាង ១ម៉ឺននាក់មានបញ្ហា សុខភាពធ្ងន់ធ្ងរ ដូច្នេះការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺពិតជាកាតព្វកិច្ចរបស់រាជរដ្ឋភិបាល ប៉ុន្តែបើគ្មានការចូលរួម និងការគាំទ្រពីប្រជាពលរដ្ឋ និងសហគមន៍នោះទេការងារប្រយុទ្ធ ប្រឆាំងគ្រឿងញៀនពិតជាមិនអាចទទួលបានជោគជ័យឡើយ។ លោក ថង សាវុន អភិបាលខេត្តរតងនគីរីបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវស្វែងយល់ឲ្យបានច្បាស់ពីបញ្ហាគ្រឿងញៀន និងផលវិបាករបស់វា ហើយបន្តចូលរួមគាំទ្រឲ្យកាន់តែ សកម្មថែមទៀត ជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្ការ និងទប់ស្កាត់ឲ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់នូវរាល់ការប៉ុនប៉ងលួចលាក់ផលិត កែច្នៃ ជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវគ្រឿងញៀនគ្រប់ប្រភេទ ព្រោះថា មានតែបងប្អូន ប្រជាពលរដ្ឋក្នុងសហគមន៍ ដែលដឹងច្បាស់ពីសុខទុក្ខ និងបញ្ហាផ្សេងៗ ដែលកើតមានឡើងក្នុងសហគមន៍របស់ខ្លួន។ ហើយសូមចាត់ទុកថាបញ្ហាគ្រឿងញៀនគឺជាបញ្ហារបស់យើងទាំងអស់គ្នា។
ក្នុងរបាយការណ៍របស់គណៈបញ្ចាការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដែលើកឡើង ដោយឧត្តមសេនីយ៍ត្រី ចៅ នាង ស្នងការរងនគរបាលខេត្ត បានឲ្យដឹងថា ក្នុង១ឆមាសទី១ ឆ្នាំ ២០១៧កន្លងមកនេះ គឺបានអនុវត្តបង្រ្កាបដោយសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថខេត្តសរុបចំនួន ២៧លើក ស្មើនិង៣ករណី ឃាត់ខ្លួនជនសង្ស័យបាន ចំនួន៧៤នាក់ ស្រី៧នាក់ ក្នុងនោះមានករណីជួញដូរចំនួន ១៦លើក ករណីប្រើប្រាស់ ១១លើក ព្រមទាំងបានដកហូតវត្ថុតាងរួមមាន៖ មេតំហ្វេតាមីនប្រភេទICEចំនួន២០កញ្ចប់ និង៤៤កញ្ចប់តូចមានទំងន់សរុប ១៥៥,៧៩ក្រាម។មេតំហ្វេមីនប្រភេទWYចំនួន២គ្រាប់ ទម្ងន់ ០,៣៥ក្រាម ទូរស័ព្ទ ៣៣គ្រឿង ដាវសាំម៉ូរៃ ៤ដើម កាំបិត ផ្គាក់ចំនួន ២ ពូថៅ ២ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ២ប្រាក់រៀល ៧៩ម៉ឺនរៀល ប្រាក់ដុល្លារ ៥ដុល្លារ ចញ្ជៀន ២វង ខ្សែករ ១ខ្សែនិងឧបករជក់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាង សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ: យក្ខឡោម