ចោរកាំបិតកាចែតគំរាមប្លន់ម៉ូតូពេលយប់ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ

0

ខេត្តព្រះសីហនុ៖សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុស្រាវជ្រាវចាប់មុខសញ្ញាពួកចោរពីរនាក់ដែលប្រើកាំបិតគំរាម ប្លន់យកម៉ូតូពលរដ្ឋនៅពេលយប់បន្ទាប់ពីប្លន់បានសម្រេចបានមួយថ្ងៃក្រោយមក។
បច្ចុប្បន្នជនសង្ស័យទាំងនេះនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។ដោយឡែកម៉ូតូដែលជនសង្ស័យប្លន់យកបាននេះត្រូវបានប្រគល់ជូនម្ចាស់ដើមវិញហើយដែរ។

យោងតាមប្រភពពីលោក ឧត្តមសេនីយ៍ត្រីកុល ផាល្លី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថានៅថ្ងៃទី ១៧.០៧.២០១៧ វេលាម៉ោង១០ព្រឹក កម្លាំងការិយាណ្តាលនគរបាលព្រហ្មទណ្ឌ បានទទួលបណ្តឹង ពីជនរងគ្រោះឈ្មោះ ស្រ៊ុន រ៉ានីន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ មេផ្ទះ រស់នៅក្រុម២២ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ និងមិត្តប្រុសរបស់នាសបានប្តឹងនិងរាយការណ៍ថា៖

-នៅវេលាម៉ោង ០០និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧.០៧.២០១៧ នាងបានហូបបបរជាមួយមិត្តប្រុស លុះត្រលប់មកផ្ទះវិញត្រង់ចំណុចផ្លូវចាក់បេតុង ស្ថិតនៅក្រុមទី២២ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ស្រាប់តែមានជនមិនស្គាល់មុខចំនួន២នាក់ ជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក ស្ទាក់ពីមុខម៉ូតូ បានធ្វើអោយម៉ូតូនាងខ្ញុំដួលទៅលើដី ហើយពួកវាទាំងពីរនាក់ កាន់កាំបិតម្នាក់១ដើម ភ្ជង់គំរាមកាប់នាងខ្ញុំនិងមិត្តប្រុសខ្ញុំ បើមិនព្រមឱ្យពួកវាទេនឹងចាក់កាប់សម្លាប់ចោល ។

សម្ភារៈពួកវាប្លន់យកមាន៖

១.ម៉ូតូម៉ាកហុងដា ZOOMER-X ពណ៍ក្រហម១គ្រឿង ផលិតឆ្នាំ២០១៦ ។

២.ទូរស័ព្ទម៉ាក i-Phone 7 Plus ពណ៍ខ្មៅ២គ្រឿង ។

៣.លុយ ៣០០ $ ។

ករណីនេះនគរបាលបានធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុត កំណត់មុខសញ្ញាសង្ស័យឈានទៅចាប់ខ្លួន នៅវេលាម៉ោង១៣ ថ្ងៃទី១៨.០៧.២០១៧ ។

ករណីនេះ បានបង្ក្រាបបានទាំងស្រុងចាប់បានជនសង្ស័យចំនួន២នាក់មានឈ្មោះ ៖

១.ឈ្មោះ ជាម ប្រុស ហៅ ប្រុស ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ(ចារីដៃដល់) ។

២.ឈ្មោះ ចុង សុខជា ហៅ ជា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (ចារីដៃដល់) ។

វត្ថុតាងចាប់យកបានរួមមាន៖

១.ម៉ូតូម៉ាក ZOOMER-X ១គ្រឿង (ផលចោរកម្ម) ។

២.ម៉ូតូម៉ាកអ៊ែប្លែត ១គ្រឿង (មធ្យោបាយធ្វើសកម្មភាព) ។

៣.ទូរស័ព្ទដៃចំនួន ៤គ្រឿង (ម៉ាក i-Phone 7 Plus ២គ្រឿង ផលចោរកម្ម ) ។

៤.កាំបិតកាចែត ចំនួន២ដើម (ឧបករណ៍សម្រាប់ប្លន់) ។

-ឆ្លងតាមការសួរចម្លើយ ជនសង្ស័យបានសារភាពទាំងស្រុង ដូចបណ្តឹងរបស់ជនរងគ្រោះខាងលើមែន។