តំណាងសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង អំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលឲ្យជួយអន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធដើម្បីផ្តល់សិទ្ធិឲ្យសហគមន៍បានអភិវឌ្ឍន៍

0

សៀមរាប៖ តំណាងសហគមន៍ទេសចរណ៍វប្បធម៌ ធម្មជាតិបឹងពារាំង សង្កាត់ជ្រាវ ក្រុងសៀមរាប បានធ្វើការអំពាវនាវសូមប្រមុខរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាប ឱ្យជួយអន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធ មានក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទជាដើម ឱ្យយល់ព្រមអនុញ្ញាតច្បាប់

ដល់សហគមន៍នេះ មានសិទ្ធិអភិវឌ្ឍន៍ផ្លូវថ្នល់ ទៅកាន់តំបន់បឹងពារាំង ប្រយោជន៍ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ នាពេលអនាគត។
លោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍ វប្បធម៌ ធម្មជាតិបឹងពារាំង នៅសង្កាត់ជ្រាវ មានប្រសាសន៍នៅព្រឹកថ្ងៃទី១៩ ខែកក្កដាថា រយៈពេល២-៣ឆ្នាំមកហើយ ដែលសហគមន៍របស់លោក បានរៀបចំកម្លាំងចុះល្បាតការពារព្រៃលិចទឹក កន្លែងបឹងត្រីមេពូជ និង សត្វស្លាបទឹកជាច្រើននៅតំបន់បឹងពារាំង។ លោក យល់ថាតំបន់បឹងពារាំង នៃបឹងទន្លេសាប ដែលមានព្រៃលិចទឹកល្អស្អាត មានជម្រកត្រីពងកូន ព្រមទាំងសត្វស្លាបជាច្រើនប្រភេទ ទំហំជាង៣២០០ហិកតារគឺមានសក្តានុពល អាចទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យមកកំសាន្តជាមួយធម្មជាតិ ដើម្បីបង្កើតការងារព្រមទាំងកម្រៃ ឱ្យពលរដ្ឋ បាន។
លោក គង់ មង្គល បន្តថាបច្ចុប្បន្ននេះ សហគមន៍បានរៀបចំគំរោងធ្វើផ្លូវ ឱ្យល្អស្អាត បំណងទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យទៅកំសាន្តជាមួយធម្មជាតិ ប៉ុន្តែឧបសគ្គមិនអាចធ្វើបានដោយសារតែមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម ខេត្តសៀមរាប មិនអនុញ្ញាត។
អាជ្ញាធរសង្កាត់ជ្រាវ ធ្លាប់បង្ហាញការជឿជាក់ថា ប្រសិនបើរដ្ឋាភិបាលជួយអភិវឌ្ឍន៍តំបន់បឹងពារាំង ឱ្យទៅជាកន្លែងទេសចរណ៍ធម្មជាតិបាននៅពេលអនាគត គឺវានឹងបង្កើតការងារជាច្រើន ឱ្យប្រជាពលរដ្ឋជាង២០០០គ្រួសារ ដែលរស់នៅសង្កាត់នេះ។
លោក ក្ដឹប សុវត្ថិ ចៅសង្កាត់ជ្រាវរងទី១ ដែលទើបតែឡើងកាន់ដំណែងថ្មី បានគាំទ្រសហគមន៍ជ្រាវ ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ទៅកាន់បឹងពារាំងនោះ។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប អះអាងថាសហគមន៍ទេសចរណ៍ វប្បធម៌ ធម្មជាតិបឹងពារាំង សង្កាត់ជ្រាវ មិនអាចចូលទៅអភិវឌ្ឍន៍ នៅបឹងពារាំងបានទេ ពីព្រោះតំបន់នោះ មានសហគមន៍នេសាទមួយផ្សេងទៀតបានសិទ្ធិគ្រប់គ្រងជាយូរមកហើយ។ លោកថានៅថ្ងៃទី២១ ខែកក្កដា អាជ្ញាធរខេត្តសៀមរាប នឹងជួបប្រជុំដោះស្រាយចំពោះរឿងនេះ។
កាលពីខែឧសភាឆ្នាំ២០១៦ ប្រមុខរដ្ឋាភិបាល សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ធ្លាប់បានសរសេរនៅក្នុងបណ្ដាញសង្គម(Face Book) ដោយអំពាវនាវ ឱ្យពលរដ្ឋខ្មែរចូលរួមថែរក្សា អភិរក្សសត្វស្លាបកម្រ នៅកម្ពុជា ដូចជានៅតំបន់បឹងពារាំងជាដើម ដោយសម្តេចយល់ថាសត្វស្លាបដ៏កម្រទាំងនេះមិនត្រឹមតែជាសម្បត្តិធម្មជាតិដ៏មានតម្លៃប៉ុណ្ណោះទេ វាថែមទាំងអាចទាក់ទាញភ្ញៀវទេសចរណ៍បរទេស ឱ្យមកទស្សនាប្រទេសកម្ពុជាយើងផងដែរ ៕