អភិបាលរង​ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួននិងបញ្ចូនទៅតុលាការ

0
  • (​ភ្នំពេញ​)៖ អភិបាលរង​ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​យកមក​សាកសួរ​ករណី ស៊ីដាច់​លុយ​ជាង​២​លាន​ដុល្លារ​អាមេរិក តាម​រូបភាព​រៀប​ដី​ខ្យល់​ទំហំ​១.៥០០​ហិកតា ។​

​អភិបាលរង​រូបនេះ​ឈ្មោះ​អ៊ឹម ឆន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ បាន​ត្រូវ​សមត្ថកិច្ច​បញ្ជូនមក អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី ចាត់ការ​តាមច្បាប់​។ រហូតមកទល់​រសៀល​ថ្ងៃទី​២០ ខែកក្កដា លោក​សៀង សុខ ព្រះរាជអាជ្ញា រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សាកសួរ​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​អោយដឹងថា ដើមចម​ក្នុងការ​ឃាត់ខ្លួន​នេះ កើតឡើង​ក្នុងអំឡុង ឆ្នាំ​២០១៥ ក្នុងខណៈ​ពេលដែល​លោកស្រី ហ៊ុន សេង​នី បានអោយ​ឈ្មោះ​អ៊ឹម ឆន រៀបចំ​ដី ចំនួន​១.៥០០​ហិកតា នៅក្នុង​ឃុំ​ចំនួន​៤ ក្នុងស្រុក​សន្ទុក ខេត្តកំពង់ធំ ដោយ​ផ្តល់​លុយ​អោយ ចំនួន​ជាង​២​លាន​ដុល្លារ​អាមេរិក​។ រហូតមកដល់​អំឡុង​ខែមេសា ឆ្នាំ​២០១៧ ឈ្មោះ​អ៊ឹម ឆន ពុំបាន​ប្រគល់​ប្លង់រឹង​មកអោយ​លោកស្រី ហ៊ុន សេង​នី តាម​ការសន្យា​ទេ ហើយ​ម្យ៉ាងទៀត ពេល​ចុះ​ពិនិត្យ​មើលឃើញថា ពុំបាន​រៀបចំ​ដី​អោយ​ទេ ពោលគឺ​មានតែ​នៅលើ​ក្រដាស​ប៉ុណ្ណោះ​៕​