លោក ជុល ថាច នាយរងខណ្ទរដ្ឋបាលជលផល កំពង់ធំ រងការចោទប្រកាន់ ពីពលរដ្ឋក្នុងឃុំពាម បាងថា៖ ចុះបង្ក្រាបបទល្មើសជលផល តែប្រជានេសាទលក្ខណៈគ្រួសារ ឈ្មួញមិនបង្ក្រាប!

0

កំពង់ធំៈ ប្រភពពីប្រជាពលរដ្ឋ និងលោកមេភូមិដូនស្តើងបានឱ្យដឹងថា៖ នៅក្នុងអង្គប្រជុំស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៤ ខែកក្តដា ឆ្នាំ ២០១៧ ត្រូវបានប្រជាពលរដ្ឋ ក្នុងឃុំពាមបាង ស្រុកស្ទោង គ្រោងដាក់លិខិតផ្តិតមេដៃ សំណូមពរឱ្យអភិបាលខេត្តកំពង់ធំក៏ដូចជាថ្នាក់ដឹកនាំ ដកលោក ជុល ថាច នាយរងខណ្ទរដ្ឋបាលជលផលកំពង់ធំ ចេញ ដោយពួកគាត់បានអះអាងថា លោក ជុល ថាច
បានការគៀប សង្កត់ប្រជាពលដ្ឋរឿងនេសាទត្រី និងបង្ខំឲ្យបង់លុយកាក់ បង្កើឲ្យមានការក្តៅក្រហាយ មិនសប្បាយចិត្ត ទើបស្នើរសុំឲ្យដកចេញ បើសិនជាមិនដកទេ ពួកគាត់មិនធានាជូនថានឹងឈ្នះឆ្នោត ឆ្នាំ២០១៨ខាងមុខនេះទេ។

ពួកគាត់បានបញ្ជាក់ទៀតថា លោក ជុល ថាច  នាយរងខណ្ទរដ្ឋបាលជលផលកំពង់ធំ ត្រូវបានលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផលកំពង់ធំ ដាក់មុខងារឲ្យទទួលខុសត្រូវ បង្រ្កាបបទល្មើសនេសាទ តែលោកពុំបានយកតួនាទីមកបង្រ្កាបនោះទេ បែរជាយកតួនាទីមកប្រមូលលុយពីបទល្មើស និងយកលុយពីប្រជាពលរដ្ឋទៅវិញ ពួកគាត់ថា លោក ជុល ថាច នាយរងខណ្ទរដ្ឋបាលជលផល កំពង់ធំបានឲ្យលោក គុំ ខុម គណបក្សសង្រ្គោះជាតិជាអ្នកដើរ ប្រមូលលុយឲ្យខ្លួន។ រីឯបទល្មើសជលផល ដែលកំពុងតែដាក់ត្រៀបត្រាពេញផ្ទៃទឹក ស្ថិតនៅក្នុងឃុំពាមបាង ស្ថិតនៅក្នុងភូមិបាឡត និងភូមិពាមបាង រហូតដល់ជ្រោយបាក់ដាវ ត្រូវបានគេប្រទះឃើញមានដាក់តាមមាត់ទន្លេ មិនតិចពីជាង៥០០កន្លែង សុទ្ធសឹងតែជាបទល្មើសដាក់បរ ស្បែមុង សាច់អួនក្រឡា ៥លី ១ហ៊ុន ឬ១ហ៊ុនកន្លះ ធ្វើឱ្យត្រីមិនអាចចរាចរចូលទៅពងកូនក្នុងព្រៃបាន។

ទាក់ទងនឹងរឿងខាងលើនេះលោក យ៉ាន វិសាក់ នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ បានឲ្យដឹងតាមទូរស័ព្ទថា ចំពោះបទល្មើសដែលកំពុងតែមាននៅតាមភូមិសាស្រ្តឃុំពាមបាង គឺលោកនាយខណ្ទបានឲ្យលោក ជុល ថាច នាយរងខណ្ទរដ្ឋបាលជលផលកំពង់ធំ ជាអ្នកចុះអនុវត្តបង្រ្កាបបទល្មើសជលផល ចំណែកការបង្រ្កាបឬមិនបង្រ្កាបនោះលោកពុំដឹងនោះទេ លោកបានបញ្ជាក់ថា ផែនការរបស់ខណ្ទរដ្ឋបាលជលផលគឺអោយធ្វើការបង្រ្កាប៕