ខេត្តព្រះសីហនុ៖ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុថាគ្រោងនឹងអោយមានមេធាវីប្រចាំនៅសាលាខេត្តព្រះសីហនុដើម្បីងាយស្រួលក្នុងជួយសំរួលក្នុងការដោះស្រាយរឿងនិងទំនាស់ផ្សេងៗ។
ឯឧ យន្ត មីន បានថ្លែងបែបនេះគ្រាដែលឯឧត្តមបានជួបក្រុមប្រជាពលរដ្ឋមកពី២០សហគមន៍ក្នុងខេត្តដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃយូរឆ្នាំមកហើយតែមិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយ កាលពីល្ងាចថ្ងៃទី២០កក្កដា២០១៧នៅសាលាខេត្តព្រះសីហនុ។
គួរបញ្ជាក់ថានៅខេត្តព្រះសីហនុបានកើតមានករណីទំនាស់ដីធ្លីច្រើនគួរអោយកត់សំគាល់ក្នុងរយៈកាលកន្លងមក។បញ្ហានេះបានបន្សល់ទុកអោយឯឧយន្ត មីន ដែលមកទទួលតំណែងជាអភិបាលខេត្តនៅពេលនេះជាអ្នកទទួលដោះស្រាយខណៈដែលអ្នកមុនត្រូវបានបញ្ចប់តួនាទីនិងទៅទទួលតួនាទីផ្សេងនៅកន្លែងផ្សេង។
តែយ៉ាងណាទំនាស់ដីធ្លីទាំងនេះត្រូវបានដោះស្រាយបានជាច្រើនករណីហើយដែរចាប់តាំងពី ឯឧ យន្ត មីន ចូលកាន់តំណែងជាចៅហ្វាយខេត្តព្រះសីហនុមក។
ទោះជាយ៉ាងនេះក្តីបញ្ហាទំនាស់ដីធ្លីស្មុគស្មាញជាច្រើនទៀតនៅតែបន្តធ្វើអោយថ្នាក់ដឹកនាំឈឺក្បាលរ៉ាំរ៉ៃរាល់ថ្ងៃ។
ហេតុនេះហើយបានជាឯឧ អភិបាលខេត្តគ្រោងដាក់មេធាវីប្រចាំការនៅសាលាខេត្តតែម្តងដើម្បីជួយសំរួលផ្នែកច្បាប់ក្នុងការដោះស្រាយបញ្ហាទាំងឡាយក្នុងខេត្ត៕សាវ៉ុន