កំពង់ចាម: ស្ថិតក្នុងរដូវទឹកទន្លេមេគង្គកំពុងតែហក់ឡើងខ្លាំង ឆ្លៀតឱកាសដ៏មមាញឹក ក្នុងការប្រកាសតែងតាំងចូលកាន់មុខតំណែង អភិបាលស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីក្រោមឱវាទ 
បានចុះត្រួតពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលកំពុងតែប្រឈម និងទទួលរងគ្រោះដោយការបាក់ស្រុតច្រាំងទន្លេ ស្ថិតនៅភូមិគគីរ ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
បើយោងតាមប្រភពពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា បច្ចុប្បន្ន ច្រាំងទន្លេប្រវែងប្រមាណជា ១.០០០ម៉ែត្រ បានបាក់ស្រុតចូលទៅក្នុងទន្លេ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នងផ្ទះ ក្នុងនោះផ្ទះប្រជាពលរដ្ឋ០៣គ្រួសារ ត្រូវរុះរើ ទៅកាន់កន្លែងសុវត្ថិភាព ចំណែកផ្ទះជាច្រើនខ្នងទៀត កំពុងរង់ចាំមើលស្ថានភាព នៃទឹកជំនន់បន្តទៀត ដើម្បីរុញ និងរុះរើទៅកាន់កន្លែងមានសុវត្ថិភាពផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានជម្រុញដល់ប្រជាពលរដ្ឋ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ លើសុវត្ថិភាពរៀងៗខ្លួន។
ដោយឡែក កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ឆ្លៀតក្នុងឱកាសតែងតាំងអភិបាលស្រុកបាធាយ និងអភិបាលស្រុកព្រៃឈរ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលប្រឈម និងទទួលរងគ្រោះដោយសារបាក់ស្រុតច្រាំងទន្លេ ស្ថិតនៅភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បើយោងតាមប្រភពពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងដែរថា បច្ចុប្បន្ន ច្រាំងទន្លេប្រវែងប្រមាណជា៥០០ម៉ែត្រ បានបាក់ស្រុតចូលទៅក្នុងទន្លេមេគង្គ បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន១៤គ្រួសារ ក្នុងនោះផ្ទះ ០៣គ្រួសារ ត្រូវបានរុះរើទៅកាន់កន្លែងសុវត្ថិភាព ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានឧបត្ថម្ភ ដល់ប្រជាពលរដ្ឋទាំង០៣គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបានថវិកាចំនួន៥០ម៉ឺនរៀល ដើម្បីជួយសម្រួលក្នុងការរុះរើផ្ទះសម្បែងផងដែរ ៕





































