លោក អ៊ឹម ឆន អភិបាលរងសន្ទុកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទស៊ីដាច់​លុយ​ជាង​២​លាន​ដុល្លារ​

0

កំពង់ធំ៖ លោក អ៊ឹម ឆន ជាអភិបាលរងស្រុកសន្ទុក ដែលត្រូវបានគេដឹងថា ជាអ្នកមានមុខមានមាត់ ម្នាក់ ក្នុងចំណោមអភិបាលស្រុក ដោយសារក្រៅអីការងាររាជការ លោកមានអាជីពជាអ្នកដើររៀបចំដីធ្លី​សម្រាប់​លក់ ជូននាយទុន ដូចជាក្រុមហ៊ុនចិន និងឈ្មួញដីឯទៀតទាំងនៅប៉ែកវាលក្រោមប៉ែកទន្លេសាប និងប៉ែកខាងព្រៃលើ តែដោយសារការងាររកស៊ីពុំមានភាពស្មោះត្រង់ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាម​ពាក្យបណ្តឹងរបស់ក្រុមហ៊ុន ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក អ៊ឹម ឆន អភិបាលរង​ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ ខណៈពេល​ដែលត្រូវបានគេហៅឲ្យឡើងទៅបំភ្លឺនៅភ្នំពេញ ពីករណីដាច់​លុយ​ជាង​២​លាន​ដុល្លារ​អាមេរិក តាមការ ឲ្យលោក អ៊ឹម ឆន រូបនេះជាអ្នករៀបចំដី តែទីបំផុតពុំមានដីឲ្យម្ចាស់លុយទេ មានតែដីខ្យល់ទំហំ១.៥០០​ហិកតាទើបឈានដល់ការឃាត់ខ្លួន ពីបទឆបោក ។

លោកឈ្មោះ​ អ៊ឹម ឆន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មានទីលំនៅភូមិដូង ឃុំបាល័ង្ល ស្រុកបារាយណ៍ ខេត្តកំពង់​ធំ បាន​ត្រូវ​សមត្ថកិច្ច​បញ្ជូនមក អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ រហូតមកទល់​រសៀល​ថ្ងៃទី​២០ ខែកក្កដា លោក​សៀង សុខ ព្រះរាជអាជ្ញា រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សាកសួរ​តាមដំណើររឿង។​

តាម​ប្រភពព័ត៌មានបានឲ្យដឹងថា លោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុក បានដើរតួនាទីជាអ្នករៀបចំដី ឲ្យលោកស្រី ហ៊ុន សេង​នី ក្នុងឆ្នាំ​២០១៥  ក្នុងទំហំដីសរុប ចំនួន​១.៥០០​ហិកតា នៅក្នុង​ឃុំ​ចំនួន​៤ ក្នុងស្រុក​សន្ទុក ខេត្តកំពង់ធំ ដោយលោក អ៊ឹម ឆន បានទទួលលុយចំនួន ជាង​២​លាន​ដុល្លារ​អាមេរិក ហើយ​បានសន្យាថា និងប្រគល់ប្លង់រឹងក្នុងខែមេសា ឆ្នាំ​២០១៧ តែរហូតមកដល់ពេលនេះ ពុំបានប្រគល់ប្លង់ដី​តាមសន្យានោះទេ ហើយក៏ពុំមានដីពិតប្រាកដនោះឡើយ ទើបឈានដល់ការកុហកបោកប្រាស់ នឹង​ឈានដល់ការឃាត់ខ្លួនតែម្តង។

ដោយ  ប៊ុន រដ្ឋា