សួនលីណា
ព្រះវិហារ៖ វណ្ណធីណា ប្រធានសាលាដំបូងខេត្តកណ្តាល បានដឹកនាំគណៈប្រតិភូអញ្ជើញចុះសាកសួរសុខទុក កងទ័ព និងគ្រួសារទ័ព នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ប្រចាំទិសទី១ប្រាសាទព្រះវិហារ កាលពីថ្ងៃទី ២២ ខែកក្តដា ឆ្នាំ២០១៧ ចុងសប្តាហ៍កន្លងទៅ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម
ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ព្រមទាំងឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយ និងពលទាហាន រួមទាំងគ្រួសារទ័ពប្រមាណជាង៨០០នាក់ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនោមឯកឧត្តម ក៍ដូចជានាយ និងពលទាហាន រួមទាំងគ្រួសារទ័ពទាំងអស់ ពិតជាមានចិត្តសប្បាយរីករាយ ចំពោះការគិតគូរយកចិត្តទុកដាក់ខ្ពស់ របស់គណៈប្រតិភូសាលាដំបូងខេត្តកណ្តាល ដែលបានឈ្លៀតឱកាសដ៍មមាញឹកដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុកកងទ័ព និងគ្រួសារ ព្រមទាំងបានពាំនាំមកនូវអំណោយមួយចំនួន ដើម្បីយកមកជួយឧបត្ថម្ភដល់កងទ័ព ដែលកំពុងមានភារៈកិច្ចឈរជើងការពារដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា.ថៃ ទិសទី១ប្រាសាទព្រះវិហារ ។
លោកហុក វណ្ណធីណា ប្រធានសាលាដំបូងខេត្តកណ្តាល លោកបានបញ្ជាក់ថាការចុះសាកសួរសុខទុកកងទ័ព និងបងប្អូនគ្រួសារទ័ពនាឱកាសនេះ គឺក្នុងនាមដូចជាប្រជាពលរដ្ឋធម្មតា មិនមែនក្នុងនាមជាប្រធានសាលាដំបូងខេត្តកណ្តាលនោះទេ ។ លោកបានបញ្ជាក់ទៀតថា អំណោយដែលនាំមកជួយឧបត្ថម្ភដល់កងទ័ពនៅថ្ងៃនេះ គឺបានមកពីការគៀងគរ ព្រមទាំងការជួយឧបត្ថម្ភចេញពីទឹកចិត្ត ដ៍ថ្លៃថ្លារបស់សម្បុរសជនចំពោះបងប្អូនកងទ័ព ដែលបាន លះបង់គ្រប់យ៉ាង រួមទាំងអាយុជីវិតក្នុងការបំពេញតួនាទីភារៈកិច្ចការពារបូរណភាពទឹកដី ។ លោកថាអំណោយដែលបាននាំមកទាំងអស់នេះវាមានចំនួនតិច មិនសមល្មមទៅតាមតម្រូវការដែលបងប្អូនចង់បាន តែវាជាវប្បធម៏ចែករំលែក និងជាការតបស្នងចំពោះបងប្អូនកងទ័ព ពីបងប្អូននៅសមរភូមិក្រោយ ។ ហើយលោកក៍បានស្នើសុំដល់បងប្អូនកងទ័ពទាំងអស់ ត្រូវអនុវត្តតួនាទីភារៈកិច្ចឲ្យបានត្រឹមត្រូវ តាមបទបញ្ជារបស់ក្រសួងការពារជាតិ បន្តសហការណ៍ល្អជាមួយប្រទេសជិតខាង ដើម្បីបុព្វហេតុជាតិ និងប្រជាជន បន្តការការពារនូវមរតកសន្តិភាពដែលប្រទេស យើងកំពុងមាន ទាំងបច្ចុប្បន្ន និងទៅអនាគត់ឲ្យបានឋិតស្ថេរជារៀងរហូត ។ សូបជំរាបថា អំណោយដែលនាំមក ជួយឧត្ថម្ភដល់កងទ័ពនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨រួមមាន៖ ស្រាបៀ២០០កេះ ទឹកសុទ្ធ៤៩កេះ សង្ក័សី១០០០សន្លឹក ស៊ីម៉ងត៏៣០តោន ខ្សាច់និងថ្មចំនួន២១០គីប ។ ហើយនៅរសៀលថ្ងៃដ៍ដែលនេះផងដែរ លោក ហុក វណ្ណធីណា ប្រធានសាលាដំបូងខេត្តកណ្តាល ព្រមទាំងប្រតិភូអមដំណើរបាននាំយកទានព្រះវស្សា និងទីយាទាន មានគ្រឿងឧបភោគបរិភោគ និងថវិការចំនួន៣០ម៉ឺនរៀល ទៅវេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តកន្ទួត ឋិតក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងគោលបំណងចូលរួមជួយលើកស្ទួយ ក្នុងវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើនឡើងថែមទៀត ៕






































