ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋរស់នៅបីតំបន់ផ្សេងៗគ្នាមានថ្មធំ ព្រែកត្របែកនិងអណ្តូងទឹកនៃតំបន់ឧស្យានជាតិរាម បាននាំគ្នាមកសាលាឃុំរាមដើម្បីសុំអោយអាជ្ញាធរឃុំរាមជួយអន្តរាគមន៍ផ្តល់សាលាកបត្រពត៌មានដីធ្លីដែលគណៈកម្មការចំរុះថ្នាក់ខេត្តបានវាស់វែងឆ្វៀលជូនពួកគាត់នាពេលកន្លងមក។
មូលហេតុដែលពួកគាត់មកទាមទាបែបនេះព្រោះក្រុមហ៊ុនយឹះជាដែលបានសិទ្ធអភិវឌ្ឍនៅតំបន់ឧស្យានជាតិព្រះសីហនុរាមនេះបានហាមឃាត់ពលរដ្ឋមិនអោយបង្ករបង្កើនផលដំណាំឡើយបើគ្មានសាលាកបត្រពត៌មានដីធ្លីមកបង្ហាញពួកគេទេទោះបីជាបានវាស់វែងរួចហើយក៍ដោយ។
ពលរដ្ឋស្នើសុំសាលាកបត្រពត៌មានដីនេះដើម្បីយកទៅបង្ហាញក្រុមហ៊ុនចិនយឹះជាទើបគេអោយបង្ករបង្គើនផលបាន។ហើយបើមិនអោយច្បាប់ដើមពលរដ្ឋសុំថតចម្លងក៍បានដែរ។
ឆ្លើយតបចំពោះសំណូមពរនិងកង្វល់របស់ប្រជាជនទាំងនេះ លោក ចាន់ មានតួនាទីជាជំទប់ទី១ ឃុំរាមថា”នៅសាលាឃុំពុំមានសាលាកបត្រនេះទេតែលោកនឹងយកសំណូមពររបស់បងប្អូនដាក់ជូនថ្នាក់លើបន្តទៀតដើម្បីមានចំណាត់ការបន្តទៀត។”តែខណៈនោះដែរ លោក ជំទប់ឃុំរាមស្នើអោយបងប្អូនមានការអត់ធ្មត់បន្តិចសិន។
ករណីនេះដែរខាងភាគីក្រុមហ៊ុនចិនយឹះជាមិនទាន់បានស្វែងរកទំនាក់ទំនងបាននៅឡើយ។
គួររំលឹកថារប្រជាជនដែលរស់នៅក្នុងតំបន់ឧស្យានជាតិរាមនេះត្រូវបានរដ្ឋបាលខេត្តព្រះសីហនុបានបង្កើតគណៈកម្មការចុះកាត់ឆ្វៀលវាស់វែងដីចេញពីក្រុមហ៊ុនចំនួន២គឺក្រុមហ៊ុនយឹះជានិងក្រុមហ៊ុនអ៊ីវរ័ហ្គ្រីន(ever green)ដែលបានទទួលសិទ្ធវិនិយោគនៅតំបន់ឧស្យានរាមនេះ។
ប៉ុន្តែដោយទីនេះមានភូមិដ្ឋានប្រជាជនរស់នៅច្រើនរដ្ឋាភិបាលបានសម្រេចឆ្វៀលតាមរូបមន្តស្បែកខ្លាជូនពលរដ្ឋដែលរស់នៅនិងអាស្រ័យផលជាក់ស្តែងនៅទីនោះ។
គិតមកដល់ពេលនេះការវាស់វែងបានធ្វើរួចរាល់អស់ហើយនៅឡើយតែចេញសាលាកបត្រពត៌មានដីធ្លីជូនពលរដ្ឋប៉ុណ្ណោះ។
ពាក់ពន្ធ័ទៅនឹងមូលហេតុយឺតយ៉ាវក្នុងការបំពេញសាលាកបត្រពត៌មានដីនេះ លោក ស្រ៊ុនស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុធ្លាប់បានបញ្ជាក់ដឹងថា៖”សូមបងប្អូនកុំព្រួយបារម្ភចំពោះកន្លែងដែលបានវាស់វែងរួចហើយ។ សូមបងប្អូនមេត្តាអត់ទ្រាំសិន”។
ករណីនេះផងដែរ មន្ត្រីសម្របសម្រួលអង្គការលីកាដូ ខេត្តព្រះសីហនុ សំណូមពរអោយរដ្ឋបាលខេត្តព្រះសីហនុជួយពន្លឿនក្នុងការបំពេញសាលាកបត្រពត៌មានដីធ្លីនេះជួនពលរដ្ឋអោយលឿនផង៕សាវ៉ុន