អភិបាល​ខេត្តកំពង់ចាម​ ចុះ​ពិនិត្យ​ សិក្សា​គ្រោង​អ៊ុត​ផ្លូវ​កៅស៊ូ​១ខ្សែ​ទៀត​ នៅ​ឃុំ​អារក្ស​ត្នោត​ ស្រុក​ស្ទឹងត្រង់​

0

កំពង់ចាម​:​ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្ដម អភិបាលរងខេត្ត ព្រមទាំងមន្ត្រីនៃមន្ទីរជំនាញ​ពាក់ព័ន្ធ​ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៧ នេះ បានអញ្ជើញ​ចុះ​ពិនិត្យ​ សិក្សា​ពី​តម្លៃ​ នៃផ្លូវ១ខ្សែ ប្រវែង ជាង២០គីឡូម៉េត្រ ស្ថិតនៅ​ក្នុង​ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ ដើម្បីស្នើសុំ​កញ្ចប់​ថវិកាពីរាជរដ្ឋាភិបាល ក្នុង​ការ​អ៊ុតកៅស៊ូ នាចុងឆ្នាំ២០១៧ខាង​មុខ​នេះ​។
ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ អភិបាល​ខេត្ត​ និង​សហការី​អមដំណើរ​ បាន​​ចូលថ្វាយបង្គំ​ព្រះសង្ឃ​ ដែល​គង់ចាំព្រះវស្សា​ នៅវត្ត​មហោសថសុវណ្ណគីរី​ ដោយ​មាន​ការកសាង​រូបសំណាក​ព្រះ​ពុទ្ធ​បដិមាករ​ធំ​ៗ យ៉ាង​ស្អាតនៅលើភ្នំ។
ក្រោម​ការ​ដឹក​នាំ​របស់​ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ខេត្តកំពង់ចាម​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ខាង​លើ​ មាន​ក្តីសង្ឃឹម​ និង​ការ​ជឿជាក់​ថា​ ពួកគាត់​នឹង​ទទួល​បាន​ផ្លូវ​កៅស៊ូ​១ខ្សែ​ ​នាពេល​ខាង​មុខ​ឆាប់ៗ​នេះ​មិន​ខាន​ ហើយ​លែង​លំបាក​ក្នុង​ការ​ធ្វេីដំណេីរ​ លើ​ផ្លូវ​រអិល​បែក​ភក់​ទៀត​ហើយ​ ដ្បិត​អី​បច្ចុប្បន្ន​ផ្លូវ​បែក​អន្លូង​ឃុំ​អារក្ស​ត្នោត​ ស្រុក​ស្ទឹងត្រង់​ ពិបាក​ក្នុង​ការ​ធ្វេីដំណេីរ​ណាស់​ នៅពេល​ដែល​មាន​ភ្លៀង​ធ្លាក់​មក​ម្ដង​ៗ​។
គួររំលឹក​ផង​ដែរ​ថា​ កាល​ពី​ព្រឹក​ថ្ងៃទី​១៨​ ខែកក្កដា​ កន្លង​ទៅ​ថ្មីៗ​នេះ​ ក្នុងដំណើរអញ្ជើញចូលរួម ក្នុង​កម្មវិធីដាំកូនឈើ នៅស្រុកជើងព្រៃ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ អមដំណើរ​ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ បាន​ឆ្លៀត​ឱកាស​ចុះពិនិត្យ​មើលការអ៊ុតកៅស៊ូ ផ្លូវជាតិលេខ៧ ស្ថិតក្នុងទីតាំង​ស្រុកព្រៃឈ​រ​ និង​ស្រុក​កំពង់​សៀម​ ដោយ​ការអ៊ុតកៅស៊ូនេះ នឹងសម្រួល​ដល់​ការធ្វើដំណើររបស់​បងប្អូន​ប្រជាពលរដ្ឋ ដែលឆ្លងកាត់ ផ្លូវនេះ បានកាន់តែស្រួលជាងមុន​ផង​ដែរ​ ៕