ខេត្តកំពត៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត 
និងសហគមន៍យើងគ្មានគ្រឿងញៀន» ត្រូវបានប្រារព្ធធ្វើឡើងនៅខេត្តកំពត ក្រោមអធិបតី លោកស្រី ឈឹម សិទ្ធិបុណ្យរិទ្ធិ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម នៃ គង់ អភិបាលរងខេត្តកំពត និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដែលមានការនិមន្ត និងចូលរួមពីព្រះសង្ឃថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និស្សិត សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុប១.៥៣៥អង្គ/នាក់ ។
លោកឧត្តមសេនីយ៍ត្រី អ៊ិន ជីវ៉ា ស្នងការរងនគរបាល អនុប្រធានលេខាធិការដ្ឋាន គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបានថ្លែងថា ខេត្តកំពតមិនមែនជាកន្លែងដាំដុះ និងផលិតគ្រឿងញៀនទេ ហើយសមត្ថកិច្ចបានខិតខំបង្ការ បង្រ្កាប ទប់ស្កាត់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ដោយឈរលើគោលការណ៍ស្មើភាពគ្នា។
ក្នុងឱកាសនោះ លោកស្រី ឈឹម សិទ្ធិបុណ្យរិទ្ធិ បានអបអរសាទរចំពោះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដែលបានខិតខំអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក ស្របតាមការណែនាំពីសំណាក់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលតែងតែ ធ្វើការណែនាំ និងជំរុញឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន កាន់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងមានប្រសិទ្ធភាពថែមទៀត ស្របតាមពាក្យស្លោក «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន ដោយត្រូវរួមគ្នា គាំទ្រ អនុវត្ដន៍ និងទទួលខុសត្រូវ» ឆ្លើយតបទៅនឹងខ្លឹមសារប្រធានបទប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិដែលមានន័យថា «ត្រូវស្តាប់កូនចៅ និងយុវជន គឺជាជំហានដំបូងដើម្បីជួយឱ្យពួកគេលូតលាស់ប្រកបដោយសុខភាព និងសុវត្ថិភាព» ដូចខាងក្រោម ៖
ទី១- ការបន្តផ្តោតការយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពនូវបទបញ្ជា លេខ០១ បប ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ពិសេសផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ របស់រាជរដ្ឋាភិបាល គឺជាកិច្ចការដែលអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ឱ្យបានហ្មឺងម៉ាត់ដោយក្នុងនោះត្រូវរៀបចំយន្តការចាំបាច់នានាក្នុងខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ហើយត្រូវធ្វើសកម្មភាពឱ្យបានខ្លាំងក្លា តាមតួនាទីភារកិច្ចពាក់ព័ន្ធរបស់ខ្លួនទាំងការងារអនុវត្តច្បាប់ ការងារផ្សព្វផ្សាយអប់រំ ក៏ដូចជាការងារព្យាបាល និងស្តារនីតិសម្បទា ពិសេសផែនការសកម្មភាពរបស់គណៈកម្មការនីមួយៗ នៃផែនការយុទ្ធនាការរបស់រាជរដ្ឋាភិបាល ។
ទី២- មន្ទីរ អង្គភាព ស្ថានីយ៍វិទ្យុប្រព័ន្ធផ្សព្វផ្សាយនានា សិល្បករ សិល្បការនី ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន សិប្បកម្ម ក្លឹបកម្សាន្ត សិប្បកម្ម ។ល។ សូមបន្តចូលរួមធ្វើសកម្មភាព ផ្សព្វផ្សាយអប់រំឱ្យបានកាន់តែផុលផុសថែមទៀត ពិសេសលើក្រុមគោលដៅនៃផែនការរបស់គណៈកម្មការផ្សព្វផ្សាយអប់រំ របស់យុទ្ធនាការ។
ទី៣- ការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ត្រូវបង្កើនការទទួលខុសត្រូវថែមទៀត ដើម្បីឱ្យការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ទាំងនៅតាមមណ្ឌលបណ្តោះអាសន្ន ក៏ដូចជានៅមន្ទីពេទ្យបង្អែក និងមណ្ឌលសុខភាពតាមសហគមន៍ឱ្យឆ្លើយតបកាន់តែមានប្រសិទ្ធភាពទៅនឹងស្ថានភាពជាក់ស្តែងប្រកបដោយទំនុកចិត្តពីសំណាក់ជនរងគ្រោះ និងអាណាព្យាបាលនាពេលបច្ចុប្បន្ន ។ ចំណុចនេះគឺត្រូវផ្តោតការយកចិត្តទុកដាក់ឱ្យបានខ្លាំង គឺការបង្កើត និងពង្រឹងយន្តការគាំទ្រសម្រាប់ការបញ្ជូន ការថែទាំបន្ត និងការធ្វើសមាហរណកម្ម ដែលយន្តការទាំងនេះទាមទារចាំបាច់បំផុត ឱ្យមានការចូលរួម និងគាំទ្រពីមាតាបិតា សហគមន៍ អាជ្ញាធរមូលដ្ឋានដៃគូអង្គការមិនមែនរដ្ឋាភិបាល វិស័យសាសនា និងវិស័យឯកជន ។
ទី៤- គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ត្រូវតែធ្វើការណែនាំ និងដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ពិសេសធានាឱ្យបានថា យន្តការត្រួតពិនិត្យគ្រឿងញៀននៅថ្នាក់មូលដ្ឋាន ឃុំ សង្កាត់ ត្រូវបានបង្កើត ដើម្បីធ្វើសកម្មភាពបង្ការ ទប់ស្កាត់ និងបង្រ្កាបឱ្យបាននូវរាល់បទល្មើសដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ។ ជាងនេះទៀត ត្រូវណែនាំឱ្យយន្តការថ្នាក់ឃុំ សង្កាត់នេះ ធ្វើសកម្មភាពចលនាឱ្យមានការចូលរួម និងគាំទ្រពីគ្រប់សមាសភាពក្នុងមូលដ្ឋាន ផ្តល់ការលើកទឹកចិត្ត និងសម្របសម្រួលដល់អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ក្នុងសកម្មភាព ផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយ ។ ត្រូវរៀបចំកំណត់ បែបបទសម្រាប់ការគ្រប់គ្រង និងការទទួលខុសត្រូវឱ្យបានច្បាស់លាស់ និងម៉ត់ចត់ នៃបណ្តាទីតាំងងាយកើតមានបទល្មើសគ្រឿងញៀន ដូចជាបន្ទប់ជួល ផ្ទះជួល ផ្ទះសំណាក់ ខារ៉ាអូខេ កន្លែងកម្សាន្ត ។ល។
ទី៥- ចំពោះបងប្អូនប្រជាពលរដ្ឋ ចូរយើងទាំងអស់គ្នាយល់ឱ្យបានច្បាស់ អំពីគ្រឿងញៀន ហើយត្រូវចាត់ទុកថា បញ្ហាគ្រឿងញៀន គឺជាបញ្ហារបស់យើងទាំងអស់គ្នា ពីព្រោះក្នុងពេលដែលក្រុមគ្រួសារអ្នកដទៃ កំពុងប្រឈមជាមួយនឹងបញ្ហានេះ៕








































