កម្លាំងគណៈកម្មការថ្នាក់ជាតិចាប់រថយន្តបាឡែនដឹកឈើប្រណិត១គ្រឿងបញ្ជូនឲ្យជំនាញរដ្ឋបាលព្រៃឈើ

0

ខេត្តរតនគីរី ៖ កម្លាំងគណៈកម្មការថ្នាក់ជាតិ ព័ទ្ធចាប់រថយន្តបាឡែន ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2l -3608 កាលពីវេលាង៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ នៅតាមបណ្ដោយផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ពីស្រុកវ៉ើនសៃ ចូលមកក្រុងបានលុង ស្ថិតក្នុងភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី ។

លោក ច័ន្ទ សារឿន ក្រុមការងារថ្នាក់ជាតិ ចុះបង្ក្រាបធនធានធម្មជាតិ ខេត្តរតនគីរី បានឲ្យដឹងថា ក្រុមការងាររបស់លោក ទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថា មានរថយន្ដបាឡែន ១គ្រឿង ដឹកឈើប្រណិតប្រភេទធ្នុងពេញចេញពីស្រុកវ៉ើនសៃឆ្ពោះ ចូលមកកាន់ស្រុកអូរជុំ នឹងបន្តទៅប្រទេសវៀតណាម ដូច្នេះហើយកម្លាំងរបស់លោកក៏ចេញទៅឃ្លាំមើល រហូតដល់វេលាម៉ោង៨និង៥០នាទី ទើបប្រទះឃើញរថយន្ដនេះមកដល់ ហើយក៍ធ្វើការតាមចាប់តែម្ដង នៅពេលសមត្ថកិច្ចព័ទ្ធចាប់នោះតៃកុងរថយន្ដបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែរថយន្ដនិងឈើប្រណិតពេញតែប៉ុណ្ណោះ។

ហើយលោកក៏បាននាំយករថយន្ដ ព្រមទាំងឈើប្រណិតមកទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តទាំងយប់តែម្ដង លុះព្រឹកឡើងទើបប្រគល់ទៅឲ្យជំនាញ និងរើរាប់ចំនួនឈើរដែលនៅក្នុងរថយន្ដនោះ ក្រោយពីកម្លាំងជំនាញរដ្ឋបាលព្រៃឈើ រើទៅឃើញ ឈើដែលនៅក្នុងរថយន្ដមានចំនួន៥៧ សន្លឹក ស្មើរនិងជាង ១ម៉ែត្រគូប ។

ប្រភពពីសមត្ថកិច្ច សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រថយន្ដដែលសមត្ថកិច្ចចាប់នេះមានម្ចាស់រថយន្ដឈ្មោះ អូន ស៊ីឈ្នួលដឹកឈើឲ្យថៅកែ វៀតណាម ដែលទិញឈើនៅស្រុកវ៉ើនសៃ នឹងបន្តដឹកទៅប្រទេសវៀតណាមជារៀងរាល់ថ្ងៃ មិនលុះថ្ងៃណាឡើយ។

ជុំវិញការរកស៊ីដឹកជញ្ជូនឈើប្រណិតល្មើសច្បាប់នេះដែរ គេសង្កេតឃើញថា លោក នូវ ដារ៉ា នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត មិនដែលធ្វើការទប់ស្កាត់នឹងបង្ក្រាបឡើយ រថយន្តណាមិនបានបង់លុយឲ្យទេនោះ គេនឹងធ្វើការបង្ក្រាបភ្លាមៗតែម្តង ៕ដោយ: យក្ខឡោម