សមត្ថកិច្ច​ខេត្ត​កំពង់ចាម​ ចុះបង្ក្រាប​បទល្មើសនេសាទ​ ជា​បន្តបន្ទាប់​ នា​រដូវ​បិទ​ការ​នេសាទ​ និង​ស្របពេល​ទឹក​ទន្លេ​មេគង្គ​ជន់ឡើង

0

កំពង់ចាម​: ដោយ​យោង​តាម​ច្បាប់​ បាន​ហាមឃាត់​ ការ​ប្រើប្រាស់​ឧបករណ៍​ល្មើស​ច្បាប់​នេសាទ​ និង​ស្ថិត​ក្នុង​រដូវ​បិទ​ការ​នេសាទ​គ្រប់​ប្រភេទ​ផង​នោះ​ សមត្ថកិច្ចនគរបាល​ខេត្តកំពង់ចាម​ សហការណ៍​ជាមួយ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ និង​អាជ្ញាធរ​មូលដ្ឋាន​ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ និង​ធ្វើ​ការ​រឹបអូស​នូវឧបករណ៍​នេសាទ​ខុសច្បាប់​ជា​ច្រើន​កន្លែង​ផង​ដែរ​។
សមត្ថកិច្ច​បាន​ឲ្យដឹងថា​ កាលពី​ព្រឹក​ថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០១៧​ នេះ​ កម្លាំង​អធិការនគរបាលស្រុកកំពង់សៀម និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាលរអាង សហការណ៍​ជាមួយ​កម្លាំង​ជំនាញ​ និង​អាជ្ញាធរមូលដ្ឋាន បាន​ចុះបង្ក្រាបបទល្មើសនេសាទមួយកន្លែង​ ដែលបានដាក់ស្បៃ​មង​ក្រឡា​ញឹក​ពេញផ្ទៃបឹង និងប្រើប្រាស់​ឧបករណ៍​ ច្បាប់​បាន​ហាមឃាត់​ នារដូវបិទ​ការ​នេសាទ ​នៅ​ចំណុចបឹងម្រេច ស្ថិតក្នុងភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​។
ដោយ​សមត្ថកិច្ច​ធ្វើ​ការ​​រឹបអូស​បាន​ លប​សាច់មង​ក្រឡា​ញឹក​២៥លប​ ដែលមានប្រវែង៥០០ម៉ែត្រ ចំណែក​ជនប្រព្រឹត្តបទល្មើសបាននាំគ្នារត់គេចខ្លួនបាត់​ ហើយ​សមត្ថកិច្ចបានដុតបំផ្លាញ់ចោលនៅនឹងកន្លែង​តែ​ម្តង​។ដោយឡែក​ កាល​ពី​​ព្រឹក​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចស្ទឹងជ្រៅ និងការាស់រលំពោធិ៍ ស្ថិតក្នុង​ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ​ ខេត្ត​កំពង់​ចាម​ កម្លាំង​ចម្រុះ​បានចុះបង្ក្រាប​បទល្មើស​ច្បាប់​នេសាទ​ ដោយ​រឹបអូស​បាន​ លូធ្វើអំពីស្បៃមុង​ក្រឡា​ញឹក​ចំនួន០៤មាត់​ ព្រួល​ប្រវែង៦០ម៉ែត្រ​ លបប្រើស១០០ចំនួន២១លប​ ហើយ​វត្ថុតាង​ទាំងអស់​ត្រូវ​យក​ទៅរក្សាទុកនៅផ្ទះប្រធានសហគមន៍​ ដើម្បី​រង់ចាំ​ចំណាត់ការ​ជា​ថ្មី​។
ដោយ​ឡែក​មួយ​ទៀត​ កាល​ពី​ព្រឹក​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ដោយអនុវត្តតាម​បទបញ្ជា​ពី​លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម និងមានការឯកភាពពីលោកអភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ និងនាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បាន​អនុញ្ញាត្តិ​ឲ្យ​ដុតបំផ្លាញចោល​ នូវឧបករណ៍​ល្មើស​ច្បាប់​នេសាទ​រួម​មាន រ៉ាវចំនួន០៧មាត់ លូស្បៃមង​ក្រឡា​ញឹក​ចំនួន០២មាត់ និងព្រួលស្បៃសរុបប្រវែង៩០ម៉ែត្រ។
ដោយ​ឧបករណ៍​ល្មើស​ច្បាប់​នេសាទ​ ដែលត្រូវដុតបំផ្លាញចោលនេះ​ គឺកម្លាំងនៃអធិការដ្ឋាននគរបាល​ស្រុក​ស្រីសន្ធរ​ បាន​សហការណ៍​ជាមួយ​​រដ្ឋបាលជលផល​ ចុះបង្ក្រាប​ និង​រឹបអូសបាន កាលពីថ្ងៃទី១៥ ខែកក្កដា កន្លង​​ទៅ​ថ្មី​ៗ​ តាមដងទន្លេមេគង្គ នៅចំណុចភូមិសាស្ត្រ ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ហើយបានយកមករក្សាទុកនៅអធិការដ្ឋាន​ បន្ទាប់​មក​ក៏បានបង្កើតគណះកម្មាធិការដើម្បីធ្វើការដុតបំផ្លាញចោល​តែ​ម្តង​ ៕