កំពង់ចាម: សង្វៀនបញ្ជល់មាន់ដែលជាល្បែងស៊ីសងខុសច្បាប់១កន្លែង ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរម្លូ ចុះធ្វើការបង្ក្រាប កាលពីវេលាម៉ោង៣និង៣០នាទី ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចចំការកៅស៊ូ ស្ថិតក្នុងភូមិចំបក់ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងជំនាញបានបើកប្រតិបត្តិការណ៍ ចុះបង្ក្រាបសង្វៀនបញ្ជល់មាន់១កន្លែង ដែលជាល្បែងភ្នាល់ចាក់លុយយ៉ាងសន្ធឹក ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ និងធ្វើការរឹបអូសបាននូវវត្ថុតាងរួមមាន ម៉ូតូចំនួន៣០គ្រឿង ជាលក្រុងមាន់០២ ជញ្ជីងថ្លឹងមាន់០១ មាន់០២ក្បាល។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចាត់ការតាមនិតិវិធីច្បាប់ ៕






































