ខេត្តរតនគីរី៖ សេចក្តីរាយការណ៍បានឱ្យដឹងថា មេឈ្មួញដុះស្លែឈ្មោះ ទូច នឹងប្រពន្ធឈ្មោះ ណាត មានទីលំនៅភូមិ ថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង នៅតែបន្ដដឹកជញ្ជូនឈើប្រណិតតាមរថយន្ត វីហ្គោ និងរថយន្ដ បាឡែន ចេញពីស្រុកវើុនសៃចូលមកកាន់ទីតាំងស្តុកឈើខាងលើនេះបានយ៉ាងរលូន
ទាំងថ្ងៃទាំងយប់ គ្មានសមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើការបង្ក្រាបឡើយ។
ប្រភពបានប្រាប់ឲ្យដឹងទៀតថា បទល្មើសព្រៃឈើ មួយរយ:នេះនៅក្នុងខេត្តរតនគីរី ហាក់មានសភាពស្ងប់ស្ងាត់ ចាប់តាំងពីមេឈ្មួញឈើនិងសមត្ថកិច្ច រៀបចំអន្ទាក់ចាប់អ្នកកាសែតដាក់ពន្ធនាគារនាពេលកន្លងមក ប៉ុន្តែសកម្មភាពដឹកជញ្ជូនឈើរបស់ថៅកែរឈ្មោះ ទូចម្នាក់នេះ នៅតែបន្តដឹកជញ្ជូនឈើប្រណិតចេញពីស្រុកវើុនសៃចូលក្រុងបានលុងបានដោយយ៉ាងរលូន សមត្ថកិច្ចនៅតាមដងផ្លូវជាច្រើនកន្លែងត្រូវថ្នាំសណ្តំឈ្មួញហើយមិនធ្វើការបង្ក្រាប! បណ្ដាលឲ្យប្រជាពលរដ្ឋរិះគន់អាជ្ញាធរស្រុកអសមត្ថភាព ដឹកនាំរបៀប(ជិះសេះលែងដៃ)ផ្ទុយទៅនឹងគោលការរបស់រាជរដ្ឋាភិបាលដែលដាក់ចេញ។
ជុំវិញករណីខាងលើនេះអ្នកសារព័ត៌មានយើងមិនអាចសុំការបកស្រាយពីលោកកែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានទេនៅថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៧នេះ ដោយទូរសព្ទ័របស់លោកមិនអាចទំនាក់ទំនងបាន៕ដោយ: យក្ខឡោម