សៀមរាប : សិក្ខាសាលាខាងលើនេះបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅ នៅសាលាស្រុកពួកខេត្តសៀមរាប ដែលមានសិក្ខាកាមមកពីបណ្តាឃុំចំនួន៨ នៅក្នុងស្រុកពួកខេត្តសៀមរាប សរុបចំនួន ៣៣ នាក់ដែលជាអ្នកពាក់ព័ន្ធក្នុងការអនុវត្តប្រធានបទខាងលើបានចូលរួមផងដែរ ។
នៅក្នុងឱកាសនោះ លោកស្រីវរសេនីយ៍ទោ ដូង ថាវរី នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានមានប្រសាសន៍ថាដោយការិយាល័យនគរបាលជំនាញរបស់លោកស្រីអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាដើម្បីធ្វើឲ្យការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពថ្វេដងផងនោះ ។
ក៏ដូចជាក្រោមការអញ្ជើញសម្រាប់ សិក្ខាសាលាតម្រង់ទិសស្តីពីការជួញដូរមនុស្សនិងចំណាកស្រុកប្រកបដោយសុវត្ថិភាព ដែលយើងបានរៀបចំឡើងនាពេលនេះគឺជាឱកាសដ៏ល្អមួយសម្រាប់ឲ្យការិយាល័យជំនាញរបស់លោកស្រីបានធ្វើការពន្យល់ណែនាំនិងធ្វើការផ្សព្វផ្សាយជូនដល់សិក្ខាកាមទាំងអស់ដែលមានវត្តមាននៅទីនេះគឺក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងរបស់អាជ្ញាធរដែលមានមូលដ្ឋានក៏ដូចជាជនបង្គោលក្នុងសហគមន៍ពីច្បាប់ប្រឆាំងការជួញដូរ
មនុស្សនិងនិតិវិធីក្នុងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពដើម្បីឲ្យសិក្ខាកាមទាំងអស់បានយល់ដឹងកាន់ តែច្បាស់ដើម្បីយកទៅធ្វើការផ្សព្វផ្សាយបន្តទៅកាន់សហគមន៍ក្នុងទិសដៅកាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ដែលងាយរងគ្រោះពេលធ្វើចំណាកស្រុកដើម្បីយើងចូលរួមលើកកម្ពស់សុវត្ថិភាពនិងស្ថេរភាពសង្គមឲ្យស្របទៅនិងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ៕ ដោយ លោក ខេង ខេមរា