ផ្នែករដ្ឋបាលព្រៃកំពង់ថ្ម ពង្រឹងសាច់ដុំចាត់វិធានការក្តៅបង្រ្កាបការដឹកជញ្ជូនបទល្មើសព្រៃឈើខុសច្បាប់

0

កំពង់ធំៈ បទល្មើសព្រៃឈើដែលធ្លាប់តែធ្វើចរាចរណ៍ ដឹកជញ្ជូនដោយខុសច្បាប់ ដង្ហែរដូចបុណ្យផ្កាប្រាក់ ទាំងយប់ទាំងថ្ងៃ ក្រោយពីមានការបញ្ជាពីថ្នាក់លើ ឲ្យសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ពង្រឹងសមត្ថភាពទប់​ស្កាត់បង្រ្កាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយខុសច្បាប់ទើបសកម្មភាពបង្រ្កាបទទួលបាន លទ្ធផលគួរអោយកោតសរសើរ។

ជាក់ស្តែងបទល្មើសដែលបានដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ ត្រូវបានកាត់បន្ថយក្រោយ ពីសមត្ថកិច្វរដ្ឋបាលព្រៃឈើ ចាប់ផ្តើមបង្រ្កាបបទល្មើសព្រៃឈើ នៅស្រុកបារាយណ៍ និងស្រុកសន្ទុក ហើយ​បានមកនាំយកវត្ថុតាងទាំងអស់ ដែលមានរថយន្ត កាឡេថង និងរ៉ឺម៉ក មករក្សាទុកនៅផ្នែករដ្ឋបាល ព្រៃឈើកំពង់ថ្មី ស្ទើរតែរកកន្លែងទុកគ្មាន ដែលត្រូវបានថតនៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១៧។

 

ក្រោយពីសកម្មភាពបង្រ្កាបរបស់សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ បានធ្វើឲ្យក្រុមឈ្មួញមួយចំនួនអន្ទះ​សារ រត់រកដំណោះស្រាយបន្ធូរបន្ថយ ដើម្បីរត់ការដឹកជញ្ជូនឈើ មកកាន់ដេប៉ូនានាក្នុងស្រុកបារាយណ៍ តែទោះជាមានការហាមឃាត់ ទប់ស្កាត់ការដឹកជញ្ជូនដោយខុសច្បាប់ ក៏គេនៅតែឃើញមានឈ្មួញធំ ក៏នៅតែធ្វើសកម្មភាពដដែល ដោយសារតែមានការអែបអាង ថាទិញពីដេប៉ូនៅក្នុងតំបន់ដឹកជញ្ជូន។

 

លោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានឲ្យដឹងថា សកម្មភាពនៃការបង្រ្កាបបទល្មើសដឹក ជញ្ជូនព្រៃឈើ គឺត្រូវបានរឹតបន្តឹង និងបង្រ្កាបជាប្រចាំ ដើម្បីទប់ស្កាត់ការដឹកជញ្ជូនដោយខុសច្បាប់ គឺត្រូវ​បានចាប់នៅស្រុកសន្ទុក និងស្រុកបារាយណ៍ ចំណែកវត្ថុតាង ដូចជាសម្ភារៈ និងរថយន្ត កាឡេថង ឈើ ត្រូវបានរក្សាទុកនៅរដ្ឋបាលព្រៃឈើកំពង់ថ្ម ចំណែកម្ចាស់កាឡេថង របស់ប្រជាពលរដ្ឋ គឺអាចធ្វើលិខិត ដោយ​មានការទទួលស្គាល់ពីអាជ្ញាធរ សុំខ្ចីយកទៅប្រើប្រាស់បាន ដោយមានការផាកពិន័យតាមច្បាប់។

ដោយ  ប៊ុន  រដ្ឋា