ជំនន់​កំពុង​យាយី​តាម​តំបន់​មួយចំនួន​ក្នុង​ខេត្ត​កំពត ខណៈ​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​

0

កំពត ៖ បន្ទាប់ពី​មាន​ភ្លៀង ខ្យល់​ប៉ុន្មាន​ថ្ងៃនេះ គេ​បាន​សង្កេតឃើញ​តំបន់​មួយចំនួន​ក្នុង​ខេត្ត​កំពត កំពុង​រង​នូវ​ភាព​លិចលង់​គួរឲ្យកត់សម្គាល់​។​ជាមួយ​

នឹង​ករណី​ប្រឈម​ខាងលើ អាជ្ញាធរ​និង​សមត្ថកិច្ច ក៏​បាន​ប្រកាស​អាសន្ន ដោយ​សូមឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​លិចលង់ បង្កើន​ការ​ប្រង់​ប្រយ័ត្ន​ខ្ពស់បំផុត​។​

​បើ​តាម​ប្រភព​ពី​ក្រុម​សមត្ថកិច្ច​ដែល​កំពុង​អន្តរាគមន៍​បានឲ្យដឹងថា ទីតាំង​ដែល​ប្រឈម​នឹង​ការលិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​នឹង​ត្រូវ​ប្រកាស​អាសន្ន​នោះ គឺ​ស្ថិត​ចំណុច​ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្ត​កំពត​។​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា ឥឡូវនេះ​កម្ពស់​ទឹក​តាម​ដៃ​ព្រែក​មាន​កំរិត​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារ​ម្មណ៍ គាប់​ជួន​ខណៈ​នេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង បន្ថែម​ដោយ​មាន​ទឹកសមុទ្រ​បង្ហូរ​ចូល​មួយ​ផ្នែក​ទៀត ទើប​ធ្វើឲ្យ​ភូមិសាស្ត្រ​ខាងលើ ទទួលរង​នូវ​ការលិចលង់​ជាច្រើន​កន្លែង ហើយ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​មួយចំនួន ក៏​កំពុង​រង​ផលប៉ះពាល់​ផងដែរ តែ​ពុំ​ទាន់​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​នៅឡើយ​ទេ​។​

​ថ្វី​ត្បិត​តំបន់​មួយចំនួន​ក្នុង​ខេត្ត​កំពត បាន​រង​នឹង​ឥទ្ធិពល​បណ្តាលមកពី​គ្រោះធម្មជាតិ ដោយសារ​ជំនន់​ទឹកភ្លៀង ប៉ុន្តែ​ក៏​ពុំ​បាន​រង​ផលប៉ះពាល់​ដល់​អាយុជីវិត មនុស្ស សត្វ​ឡើយ គ្រាន់តែ​ខូចខាត​ផលដំណាំ​មួយ​អន្លើ​ប៉ុណ្ណោះ​។​ម្យ៉ាងទៀត​បញ្ហា​ជួប​គ្រោះ​ជំនន់​ខាងលើ អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្ត​កំពត កំពុង​ចុះ​ត្រួតពិនិត្យ និង​ជួយ​អន្តរាគមន៍ បាន​ទាន់ពេលវេលា​ផងដែរ​។​

​សូមបញ្ជាក់​ថា បន្ទាប់ពី​មាន​ភ្លៀង ខ្យល់ រយៈពេល​ជាច្រើន​ថ្ងៃនេះ គេ​បានកត់សម្គាល់​ឃើញ​នៅតាម​តំបន់​ភូមិសាស្ត្រ នៃ​ខេត្ត​កំពត​-​កែប មួយ​ផ្នែក​ត្រូវបាន​រងគ្រោះ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់​ទាញ​បំបាក់​ផ្ទះសំបែង ឬ​ប៉ើង​ដំបូល និង​រលំ​ដើមឈើ​ជាដើម​។​ប៉ុន្តែ​ទោះជា​បែប​នេះ​ក្តី អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច​ក្នុង​តំបន់​និមួយៗ បាន​ពុះពារ​ចុះ​ជួយ​សង្គ្រោះ យ៉ាង​មមាញឹក​បំផុត ៕