មន្ត្រីកាំកុងត្រូលចាប់បានសាច់មាន់ខូចគុណភាពបន្តបន្ទាប់២ថ្ងៃជាប់គ្នានៅច្រកទ្វាអត្តរជាតិប៉ោយប៉ែត

0

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីកាំកុងត្រូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាប់បានសាច់មាន់ខូចគុណភាពមាន ជើង ឆ្អឹង ជង្គង់ និងសាច់មាន់ សរុប ៨៦០គីឡូក្រាម បន្តបន្ទាប់ ៦២០គីឡូក្រាមកាលពីម្សិលមិញ ត្រូវដុតកំទេចចោលនៅរសៀលថ្ងៃទី០៨ខែ សីហា ឆ្នាំ ២០១៧ ស្ថិតនៅបរិវេណកាស៊ីណូផ្កាយ៥ នៅភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកស៊ាន ស៉ីណាត ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យបានប្រាប់ថា: សាច់មាន់ដែលចាប់យកដុតកំទេចចោលនៅរសៀលនេះ គឺឈ្មួញ បានបង្កប់ក្រោមរទេះដឹកទំនិញ ចូលមកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីព្រឹកមិញត្រូវបានកម្លាំងកាំកុងត្រូលចាប់បានពេលឈ្មួញ កំពុងផ្ទេរដាក់រថយន្ត កាម៉ារីនៅចំនុច កែងផ្សារអគ្គៈ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត។ លោកបានបន្តថា បន្ទាប់ពីមន្ត្រីកាំកុងត្រូលធ្វើការឆែកទំនិញ ស្រាប់តែម្ចាស់សាច់មាន់ខូចគុណភាព និងកម្មករអូសរទេះ គេចខ្លួនបាត់ស្រមោលឈឹង។
ទោះបីជាមន្ត្រីកាំកុងត្រូលខិតខំទប់ស្កាត់យ៉ាងណាក៏ដោយ តែបើតាមប្រភពពីកម្មករអូសរទេះបានអោយដឹងថា សាច់មាន់ដែលខូចគុណភាពមានដូចជា ឆ្អឹងមាន់ ជើងមាន់ ជង្គង់មាន់ រួមទាំងប្រហិតដែលជាទំនិញដែលហាមឃាត់ ត្រូវបានឈ្មួញលួចដឹកតាមរទេះបង្កប់តាមទំនិញមួយថ្ងៃៗជាច្រើនតោន ឆ្លងកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ប្រភពបានបន្តថា គឺក្រុមឈ្មួញធំៗបានបែងចែកដឹកតាមរទេះ ក្រោមរូបភាពវិចខ្ចប់តាមដាក់ក្នុងកេះ លុះមកដល់ ខាងកម្ពុជាត្រូវបានឈ្មួញដឹកតាម រត់យន្តកាម៉ារី និង រថយន្តក្រុងដឹកចែកចាយតាមបណ្តាខេត្ត។
ពាក់ព័ន្ធនិងបញ្ហានេះ ប្រជាពលរដ្ឋបានសំណូមពរដល់មន្ត្រីពាក់ព័ន្ធទាំងអស់ជាពិសេសមន្ត្រីកាំកុងត្រូលដែលតែងតែយកចិត្តទុកដាក់ទប់ស្កាត់ នៅតាមច្រក និងតាមផ្សារនានា សូមបន្តការទប់ស្កាត់អោយកាន់តែមានប្រសិទ្ធភាព ព្រោះឈ្មួញបានលួចបង្កប់មានតាមរទេះមានសាច់មាន់ជាច្រើនតោនណាស់ដែលធ្វើអោយប៉ះពាល់សុខភាពប្រជាពលរដ្ឋរាប់លាននាក់៕ដោយ: ឃិន គន្ធា