កិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ

0

កំពង់ធំ៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកំពង់ធំ តំណាងឯក

ឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត។

បន្ទាប់ពីដាក់ជូនរបៀបវារៈនៃអង្គប្រជុំទាំងប្រាំ រួមមាន ១). ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខេត្ត ២). របាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត ៣). ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត ៤). ពិនិត្យ និងអនុម័ត លើសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្នុងក្រុមប្រឹក្សាខេត្ត និង ៥). បញ្ហាផ្សេងៗ ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ដៀប ពីរី លើកឡើងថា ដើម្បីឲ្យខេត្តកំពង់ធំយើងមានការអភិវឌ្ឍន៍ ប្រកបដោយចីរភាពនោះ ក្នុងនាមយើងទាំងអស់គ្នាជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើការបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។ លើសពីនេះទៅទៀតការចុះជួយមូលដ្ឋានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរអង្គភាព ពិតជាមានសារសំខាន់ណាស់ក្នុងការដឹងសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលជួបគ្រោះទឹកជំនន់ ដែលត្រូវធ្វើការជួយសង្គ្រោះជម្លៀសបងប្អូនចេញពីតំបន់លិចលង់ ទៅរកទីទួលមានសុវត្ថិភាព និងផ្តល់នូវសម្ភារៈមួយចំនួន ដើម្បីជួយដោះស្រាយបានមួយគ្រាផងដែរ ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ មួយវិញទៀត ការបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព មានភាពសាមញ្ញ ប្រសិទ្ធភាព ភាពដែលអាចជឿទុកចិត្តបាន ភាពឆាប់រហ័សឆ្លើយតបទាន់ពេលវេលានឹងសេចក្តីត្រូវការ មានភាពងាយស្រួល និងមានការចូលរួមពីអ្នកប្រើប្រាស់សេវា ហើយក៏ជាគន្លឹះនៃការអភិវឌ្ឍខេត្តយើងដ៏ពិតប្រាកដ ភាពរីកចម្រើននៃជីវភាពរបស់ពួកគាត់ ឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ខេត្តដែលធ្វើឲ្យប្រទេសជាតិយើងរក្សាបាននូវកំណើនសេដ្ឋកិច្ច ៧%ក្នុងមួយឆ្នាំបន្តទៀត។ ម្យ៉ាងវិញទៀតថ្មីៗ ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ធ្វើខេត្តកំពង់ធំ មានការកើនឡើងនៅភ្ញៀវទេសចរណ៍ជាបន្តបន្ទាប់ ក្នុងនោះខេត្តក៏បានគិតគូរ សុខសន្តិភាព អាហារដ្ឋាន ការស្នាក់នៅ ដែលធ្វើបងប្អូនសម្រាប់ខេត្ត ទទួលបានប្រាក់ចំណូលពីការសម្រើសេវាដល់ភ្ញៀវទេសចរណ៍ អាចជួយបង្កើនជីវភាពគ្រួសារបានមួយកម្រិតផងដែរ៕ ដោយ ប៊ុន រដ្ឋា