ស្នងការនគរបាលខេត្តរតនគិរី បញ្ជាឲ្យកម្លាំងនគរបាលទាំង ៩ ស្រុក-ក្រុង បន្តយកចិត្តទុក្ខដាក់បង្រ្កាបបទល្មើសគ្រឿងញៀន

0

ខេត្តរតនគិរី៖ លោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី បានដាក់បទបញ្ជាដល់កងកម្លាំងនគរបាលទាំង ៩ ស្រុក-ក្រុង ឲ្យបង្កើនយកចិត្តទុក្ខដាក់បង្ក្រាបបទល្មើសនានាតាមមូលដ្ឋានជាពិសេសករណីបទល្មើសគ្រឿងញៀនដែលថ្នាក់ដឹកនាំព្រួយបារម្ភណ៍ និងកំពុងយកចិត្តទុក្ខដាក់យ៉ាងខ្លាំង ។

ការដាក់បទបញ្ជាដូចនេះរបស់ លោក ងួន គឿន គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈប្រចាំខែ របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧នេះ ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម បានបញ្ជាក់ថា ក្រៅពីបទល្មើសគ្រឿងញៀន ករណីចោរកម្ម ក៏បានកើតឡើងគួរឲ្យព្រួយបារម្ភណ៍ផងដែរ ដូច្នេះកងកម្លាំងទាំងអស់ត្រូវបង្កើនប្រតិបត្តិការចុះស្រាវជ្រាវ និងបង្ក្រាបឲ្យខ្លាំងឡើង ដើម្បីរក្សាសុវត្ថិភាព សន្ដិសុខ និងសណ្ដាប់ធា្នប់ជូនប្រជាពលរដ្ឋ ។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានជម្រុញបន្ថែមដល់កងកម្លាំងជំនាញទាំងអស់ ត្រូវសហការជាមួយកម្លាំងអធិការ កម្លាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារ ចុះល្បាតកន្លែងដែលមានការស្មុគស្មាញ និងអាចងាយនឹងកើតបទល្មើស និងត្រូវបង្កើនការយកចិត្តទុក្ខដាក់ប្រើប្រាស់កម្លាំងការពារគោលដៅ ជាពិសេសគោលដៅងាយរងគ្រោះ ដូចជា កន្លែងលក់គ្រឿងអលង្ការ និងកន្លែងប្តូរប្រាក់ វេរលុយជាដើម ៕ដោយ: យក្ខឡោម