ខេត្តរតនគិរី៖ រថយន្តបាឡែន និងរថយន្តឆ្លាម២គ្រឿង សុទ្ធសឹងតែដឹកឈើប្រណីតប្រភេទគ្រញូងចេញពីខេត្តស្ទឹងត្រែង ស្រាប់តែសមត្ថកិច្ចខេត្តរតនគិរីបង្ក្រាបបាន នៅក្បែរព្រំដែនកម្ពុជាវៀតណាម ស្ថិតនៅក្នុងស្រុកអូរយ៉ាដាវ។
ការឃាត់រថយន្តដឹកឈើទាំងពីរគ្រឿងខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៧នឹង៣០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
សមត្ថកិច្ចដែលចុះបង្ក្រាបរថយន្តទាំង២គ្រឿងនេះ បានឲ្យដឹងថា កម្លាំងគណៈបញ្ជាការស្រុក អូរយ៉ាដាវ និងរដ្ឋបាលព្រៃឈើផ្នែកបរកែវ បានសហការជាមួយនគរបាលច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ចាប់បានរថយន្តដឹកឈើប្រភេទធ្នង់ និងគ្រញូងចំនួន២គឿង មួយគ្រឿងម៉ាកកាមរីបាឡែន អត់ស្លាកលេខ និងមួយគ្រឿងទៀតម៉ាកកាមរីឆ្លាម អត់ស្លាកលេខ នៅចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។
ដោយឡែកម្ចាស់រថយន្តដឹកឈើទាំង២គ្រឿងខាងលើនេះ មិនត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះឡើយ នេះជាបទល្មើសជាក់ស្តែង។បច្ចុប្បន្ន រថយន្តទាំង២គ្រឿង រួមនឹងឈើ ត្រូវបានដឹកយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបកែវ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ដោយឈើសមត្ថកិច្ចមិនទាន់បានធ្វើការវាស់វែងនៅឡើយទេ៕ដោយ: យក្ខឡោម




































