កំពង់ចាម: ក្មេងស្រីអាយុ២ម្នាក់ ត្រូវបានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈចុះលេងទឹកបឹងនៅក្បែរផ្ទះ ដោយគ្មានអ្នកណាម្នាក់បានដឹងឡើយ
ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតមានឡើង កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចព្រែកបទស្រីទន្ទឹង ស្ថិតក្នុងភូមិទំពូង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ហូ លីហ័ង អាយុ២ឆ្នាំ ដែលមានឪពុកឈ្មោះ ហូ អាយុ២៦ឆ្នាំ និងម្តាយឈ្មោះ ដូត ចាន់ធី អាយុ២៥ឆ្នាំ មានមុខរបរកសិករ រស់នៅក្នុងភូមិកេីតហេតុខាងលេី។
សមត្ថកិច្ចបានបន្តថា ដោយនៅវេលាម៉ោង៥ល្ងាចថ្ងៃខែកេីត ក្មេងស្រីរងគ្រោះបានបាត់ពីផ្ទះ ហេីយអាណាព្យាបាលបាននាំគ្នាដេីររក និងបានប្រាប់អ្នកភូមិឲ្យជួយស្វែងរកទៀត នៅតែរកមិនឃេីញ ហេីយក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្នាន ដើម្បីឲ្យជួយស្វែងរកបន្ថែមទៀត ដោយសង្ស័យថាក្មេងស្រីរងគ្រោះលង់ទឹកព្រែកមិនខាន លុះដល់វេលាម៉ោង៩និង២០នាទីយប់ថ្ងៃដដែល ទេីបរកឃេីញក្មេងស្រីរងគ្រោះនៅចំណុចកន្ទុយព្រែកបឹងអូរាំង ក្រោយភូមិចំងាយ៧០០ម៉ែត្រ។
ក្រោយពីបានធ្វើការត្រួតពិនិត្យ លើសាកសពក្មេងស្រីរងគ្រោះ ដោយពុំមានជាប់ពាក់ព័ន្ធលើករណីឃាតកម្មទេ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ចាក់ផងដែរថា នៅក្នុងស្រុកកោះសូទិនមានមនុស្សលង់ទឹកស្លាប់ចំនួន៣នាក់ហេីយ ដោយក្នុងរដូវទឹកឡើងមួយរយៈពេលនេះ សម្រាប់ខេត្តកំពង់ចាម គឺមានមនុស្សបានលង់ទឹកស្លាប់ជាបន្តបន្ទាប់ ដូច្នេះហើយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម តែងតែធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ទោះបីជាទឹកទន្លេមេគង្គស្រក់ចុះបន្តិចក្តី ព្រោះក្នុងរដូវទឹកឡើងកន្លងមកនេះ មានមនុស្សចាស់ និងក្មេងចំនួន១១នាក់ហើយ ដែលបានលង់ទឹកស្លាប់បាត់បង់ជីវិត ដូច្នេះហើយកុំឲ្យកុមារតូចៗចុះលេងទឹក ដែលអាចនាំឲ្យមានការលង់ទឹកស្លាប់ ដូចជាករណីខាងលើនេះ ៕





































