ខេត្តកំពង់ធំ ខ្នងផ្ទះទី៤១ដែលជាអំណោយដ៏ថ្លៃថ្លា្លរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ឋជន ដែលគ្មានជម្រកស្នាក់នៅ ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៧ ។
បន្ទាប់ពីមានបទបញ្ជពីឯកឧត្តមនាយឧត្តមសេនិយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមនអតីតយុទ្ធជនខេត្ត បានដឹកនាំសហការី និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដំណើរការសាងសង់ផ្ទះទំហំ៤x៦ម៉ែត្រ សាងសង់ពីឈើ ជញ្ជាំងក្តា និងរនាបក្តានិងដំបូលប្រក់ស័ង្កសី ជណ្ដើរកាច់ ដែលត្រូវចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន ៥.៩៦០០.០០៛ ផ្ដល់ជូនបងស្រី ង៉ូវ គីមហុ័ង អាយុ ៥៤ ឆ្នំា មានកូនចំនួន៤នាក់ ដែលស្វាមីរបស់គាត់ជាមន្ត្រីនគរបាលចូលនិវត្តន៍ ហើយបានទទួលមរណភាពនៅឆ្នាំ២០០៦ កន្លងមក ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ នៅក្នុងពិធីប្រគល់ផ្ទះជូនដល់គ្រួសារ អតីតយុទ្ធជនថា បងស្រី ង៉ូវគីមហុ័ង រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកសណ្តាន់ខេត្តកំពង់ធំ ក្រោយពេលស្វាមីគាត់ស្លាប់បាត់ទៅ គាត់គ្មានទីពឹងអ្វីនោះឡើយ ដោយគ្មានផ្ទះសម្បែងសម្រាប់ស្នាក់នៅនោះទេ គាត់នាំកូននិងចៅ ដើរជ្រកស្នាក់នៅតាមផ្ទះបងប្អូន កាលស្វាម៉ីគាត់នៅរស់គាត់ទៅរស់នៅជាមួយស្វាមី ជាមន្ត្រីនគរបាលនៅខេត្តកំពង់ធំ បច្ចុប្បន្ន បងស្រីង៉ូវ គីមហុ័ង រស់នៅជាមួយកូនមួយនាក់ និងចៅមួយនាក់ រីឯកូនៗគាត់បីនាក់ទៀតមានគ្រួសារហើយមកដល់ពេលនេះ មិនដឹងថា អ្នកទាំងនោះរស់នៅទីណានោះទេ ។
ក្នុងឱកាសនៃពិធីសំណេះសំណាលប្រគល់ផ្ទះថ្មីដែលទើបសាងសង់រួចនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឧបត្ថម្ភជូនគាត់នូវ អង្ករចំនួន៥០ គីឡូក្រាម មីម៉ាម៉ាមួយកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ មុងជ្រលក់ថ្នាំចំនួនពីរ ថ្នាំពេទ្យមួយចំនួន និងថវិកាចំនួន ២០០.០០០៛ ។
លោក ប្រធានក្រុមប្រឹក្សាឃុំឈើទាល និង បងស្រី ង៉ូវ គីមហុ័ង រួមទាំងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់គិតគួរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ឋជនយើងនៅគ្រប់ទីកន្លែង សូមគោរពជូនពរសម្តេច និងសម្តេចកិតិព្រឹទ្ឋបណ្ឌឹត និងបុត្រាបុត្រីចៅប្រុសចៅស្រី សូមបានជួបប្រទះតែនិងពុទ្ឋពរបួនប្រការគឺ អាយុ វណ្ណៈ សុខះ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ ក្នុងនោះលោក មេឃុំ បានគោរពដឹងគុណនិងប្តេជ្ញាចិត្តតស៊ូស្មោះត្រង់ជាមួយសម្តេចលុះអាវសាន្តជីវិត ។ ដោយ ខេង ឧត្តម




































