រតនគិរី៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខកងកម្លាំងការពារព្រំដែនកម្ពុជា ស្ថិតនៅតំបន់មុំបីកន្ទុយនាគ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី អធិបតេយ្យជាតិ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម និងឡាវ ។
ក្នុងឱកាសនៃការអញ្ជើញសួរសុខទុក្ខនេះដែរ ឯកឧត្តមអភិបាលខេត្ត បាននាំមកនូវបណ្តាំផ្ញើរសាកសួរសុខទក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ដែលជានិច្ចជាកាលសម្តេច និងថ្នាក់ដឹកនាំទាំងអស់តែងតែគិតគូរអំពីសុខទុក្ខរបស់កងកម្លាំងដែលជាការផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ។ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងនូវការកោតសរសើរកងកម្លាំងទាំងអស់ដែលបានបំពេញកាតព្វកិច្ចក្នុងការងារការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ លះបង់ឈាមស្រស់ សាច់ស្រស់ ក្លាហានមិនរាថយពុះពារគ្រប់ឧបស័គ្គ មិនឲ្យមានការរំលោភបំពានពីបណ្តាប្រទេសជិតខាងឡើយ ។ ឯកឧត្តមអភិបាលខេត្តផ្តាំផ្ញើឲ្យកម្លាំងទាំងអស់សហការគ្នានិងយកចិត្តទុកដាក់លើការងារល្បាតឲ្យបានជាប់ជាប្រចាំនៅតាមគោលដៅខ្សែបន្ទាត់ព្រំដែន សំដៅរក្សាការពារឲ្យខានតែបាននូវអធិបតេយ្យជាតិ ។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភកម្លាំងវរៈយោធាការពារព្រំដែនជើងគោកលេខ២០៣ វរៈនគរបាលការពារព្រំដែនលេខ១០២ កម្លាំងឧទ្យានុរក្សឧទ្យានជាតិជាតិវីរៈជ័យ ក្នុងមួយអង្គភាពទទួលបានថវិកា៣០០ដុល្លារ រួមនិងគ្រឿងឧភោគបរិភោគមួយចំនួនទៀត ៕ ដោយយក្ខ ឡោម




































