ខេត្តរតនគិរី៖ បុរសម្នាក់ បានស្លាប់ ដោយសារលង់ទឹកស្រះ នៅមិនឆ្ងាយពីផ្ទះរបស់ខ្លួន។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលា
ម៉ោង៤រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចស្រះទឹក ស្ថិតក្នុងភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
លោក ពុត សាវី អធិការរងស្រុកកូនមុំ ឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ផន ភី អាយុ៤៩ឆ្នាំ មុខរបរកសិករ បានស្លាប់បាត់បង់ជីវិត ដោយបន្សល់ទុកកូនប្រុសស្រី២នាក់ ក្នុងបន្ទុកឲ្យកំព្រា និងប្រពន្ធឈ្មោះ កែវ យ៉ អាយុ៤៥ឆ្នាំ មុខរបរកសិករ។ គ្រួសារមួយនេះ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
បើតាមសមត្ថកិច្ច នៅវេលាម៉ោងប្រហែលជា១ ថ្ងៃកើតហេតុនេះ ជនរងគ្រោះបានផឹកស្រា សអស់កន្លះលីត្រតែម្នាក់ឯង ហើយបានទៅជួយដកសំណាបប្រពន្ធមួយសន្ទុះ ក៏ប្រាប់ប្រពន្ធថា អញទៅងូតទឹកសិន ក្ដៅណាស់!។ ប្រាប់តែប៉ុណ្ណេះ ជនរងគ្រោះបានដើរទៅងូតទឹកស្រះ ដែលមានចម្ងាយពីស្រែប្រហែល១០០ម៉ែត្រ បាត់រហូតដល់ម៉ោងកើតហេតុខាងលើ ទើបប្រពន្ធដើររកឃើញប្ដីដេកផ្ដាប់មុខនៅក្នុងទឹកស្រះ ក៏ស្រែកឆោឡោឲ្យអ្នកដកសំណាបជួយស្រង់ឡើងគោក។
ប៉ុន្តែហាក់យឺតពេលទៅហើយ ព្រោះនៅពេលប្រជាពលរដ្ឋលើកជនរងគ្រោះដល់លើគោក គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។
ក្រោយធ្វើកោសល្យវិច្ច័យរួចរាល់ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ហើយប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ យក្ខឡោម





































