VIDEO យាយ៨៩ឆ្នាំអំពាវនាវក្នុងFacebook ថាមុននឹងស្លាប់សុំបាយឆ្ងាញ់មួយពេល

0

កំពង់ធំៈ លោកយាយ ចក់ ម៉េត អាយុ ៨៩ឆ្នាំ រស់នៅក្នុងខ្ទមកំសត់ ពុំដែលស្គាលម្ហូបឆ្ងាញ់ និងបាយ​ឆ្ងាញ់ម្តងណាឡើង ក៏ដោយសារតែគាត់ជាជនចាស់ជរា មានជីវភាពក្រីក្រ រស់នៅយ៉ាងវេទនា បានអំពាវ នាវឲ្យតាមបណ្តាញសង្គមហ្វេសបុក ថាមុននឹងលោកយាយអស់បុណ្យទៅគឺសុំបាយឆ្ងាញ់មួយពេល ដំណឹងដ៏ក្រៀមក្រំនេះ បានចាក់ដោតបេះដូង ឧត្តមសេនីយ៍ត្រី សោម ស៊ុន និង​លោក​ ញ៉ែម​ សុផា​ ជំនួយការ​ក្រុម​ការងារ​ខ១២​ ដឹកនាំសហការីនាំអំណោយទៅចែកជូនទាំងព្រលឹម នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៧ ។

លោក​យាយ​ ចក់ ​ម៉េត​ អាយុ​ ៨៩​ ឆ្នំា​ រស់នៅជា​ចៅតូចៗ​បីនាក់​នៅ​ក្នុង​បន្ទុក កន្លងមកលោកយាយ រស់​នៅក្នុងខ្ទមស្លឹកកំសត់ ពុំមានជញ្ជាំង មើលពីម្ខាងធ្លុះទៅម្ខាង ក្រោយមកក៏មានទទួលផ្ទះមួយខ្នង ធ្វើអំពី​ឈើប្រកស័ង្ខសី ពីសម្បុរសជន ទើបបានធ្វើឲ្យគាត់មានផ្ទះស្នាក់នៅសមរម្យ តែជីវភាពរបស់គាត់ មាន​ភាពខ្វះខាត ដោយជាគាត់ជាចាស់ជរា គ្មានមុខរបរអ្វីឡើយ  បច្ចុប្បន្ន​រស់​នៅ​ភូមិ​គឺ​រីអណ្តែត​ ឃុំ​ទ្រៀល​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​។​

ឯកឧត្តម ឧត្តមសេនិយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ក្នុងនាមជា​មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​  និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក្រោយពីបានទទួលដំណឹងរបស់ លោកយាយភ្លាម គឺបានចាត់ចែងស្បៀងអាហារ ដឹកនាំសហការី រួមជាមួយលោក ញ៉ែម​ សុផា​ ជំនួយការក្រុម​ការងារ​ខ១២ បានចុះទៅសួរសុខទុក្ខ​ លោក​យាយ​ និង​ចៅ​ៗ​ ព្រម​ទាំង​បាន​ផ្ដល់​នូវអំណោយ​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ ដែលមាន​អង្ករ​ចំនួន​៥០​ គីឡូ​ក្រាម​ មីម៉ាម៉ាមួយកេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ ត្រី​ខកំប៉ុង ​ និង​ថវិកា ​ ​យួរមួយ​.៥០០០០៛​ ។

ដោយ  ប៊ុន ​រដ្ឋា