អ្នកភូមិនគរក្រៅស្ម័គ្រចិត្តប្រគល់ក្រឡបុរាណដែលជីកបានបន្ទាប់ពីរក្សាទុកអស់រយៈពេល៣ខែ

0

សៀមរាបះអ៊ំស្រី សាប គួន អាយុ៦៨ឆ្នាំ ជាពលរដ្ឋនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប កាលពី៣ខែមុន បានប្រទះឃើញក្រឡមួយខណៈកំពុងឆាយដីដើម្បីដាំពោតដែលមានទីតាំងនៅខាងជើងផ្ទះជិតប្រាសាទទន្លេស្ងួត។

តាមការរៀបរាប់របស់អ៊ំស្រីបានឱ្យដឹងថា ពេលឃើញក្រឡដំបូងគឺមិនហ៊ានគាស់យកទេ ព្រោះខ្លាចជាក្រឡដាក់ឆ្អឹងខ្មោច (តាមជំនឿ) ហើយក៏មិនដឹងថាក្រឡនោះជារបស់មានតម្លៃ ជារបស់បុរាណអីដែរ ទើបហៅកូនប្រុសឱ្យមកជីកយក។ ពេលជីកបាន ដោយគិតថាជារបស់អពមង្គល គាត់ក៏មិនហ៊ានយកទៅដាក់នៅលើផ្ទះ ឬយកទៅដាក់អំបិលប្រហុកអីដែរ ខ្លាចម្ចាស់គេប្រកាន់នាំគ្រោះចង្រៃដល់ខ្លួននិងគ្រួសារ ក៏ដាក់ពាសវាលពាសកាលក្នុងបរិវេណដីគាត់ ដោយគ្មានការថែរក្សាត្រឹមត្រូវ។

អ៊ំស្រីបន្តទៀតថា គាត់គ្មានបំណងលាក់ទុកវត្ថុបុរាណនេះទុកឡើយ ហើយក៏មិនមានបំណងលក់ដូរអីដែរ បើទោះបីមានគេមកចរចាពីរបីដងក៏ដោយ ក៏គាត់មិនបានប្រាប់ថាគាត់មានក្រឡបុរាណ ដោយបង្ហាញក្រឡផ្សេងទៀត តែគេមិនយកព្រោះមិនមែនរបស់មានតម្លៃ ហើយអ៊ំស្រីក៏មិនដែលនិយាយរឿងរ៉ាវនេះប្រាប់អ្នកណាម្នាក់ដែរ។ លុះទុកបានប្រហែល១ខែ គាត់ក៏ចាប់ផ្តើមធ្លាក់ខ្លួនឈឺមើលអស់លុយជាច្រើន លុះទៅបូលគ្រូខ្មែរមើល ក៏ត្រូវគេទាយថាគាត់មានរបស់បុរាណរក្សាទុក លុះមកដល់ផ្ទះ ក៏ឃើញក្រឡដែលខ្លួនជីកបាន ទើបគាត់កាន់តែមិនសូវខ្វល់ខ្វាយក្នុងការថែរក្សា។ ក្រោយមកពេលមានការកំណាយនៅទន្លេស្ងួត គាត់ក៏ធ្លោយមាត់ប្រាប់ដល់កម្មករម្នាក់ដែលធ្វើការនៅទីនោះ ហើយកម្មករនោះក៏បានប្រាប់ទៅខាងអាជ្ញាធរជាតិអប្សរា ទើបបែករឿងនេះទៅ។

ក្រោយការពន្យល់ពីហេតុផលជាច្រើនទាក់ទងនឹងច្បាប់ និងការចូលរួមថែរក្សាមរតកបេតិកភណ្ឌជាតិ រួមនឹងការមើលមិនឃើញពីតម្លៃនៃវត្ថុបុរាណនេះដដែល គាត់ក៏បានស្ម័គ្រចិត្តប្រគល់ក្រឡបុរាណនេះជូនអាជ្ញាធរជាតិអប្សរាដើម្បីប្រគល់ឱ្យសារមន្ទីរនរោត្តមសីហនុ-អង្គរជាអ្នករក្សាទុកកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧។ ក្នុងនោះដើម្បីជាការលើកទឹកចិត្ត អាជ្ញាធរជាតិអប្សរាក៏បានប្រគល់ថវិការចំនួន២០០,០០០រៀល ដល់អ៊ំស្រីផងដែរ។

ទាក់ទងនឹងក្រឡបុរាណនេះដែរ តាមការបញ្ជាក់ពីលោកបណ្ឌិត អ៊ា ដារិទ្ធិ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ មានជំនាញផ្នែកភាជន៍ បានឱ្យដឹងថា ក្រឡនេះធ្វើអំពីដីដុត សម្រាប់ដាក់វត្ថុច្រើនប្រភេទដូចជា អំបិល ស្ករ ប្រហុក និងវត្ថុរាវផ្សេងៗទាក់ទងជីវិតប្រចាំថ្ងៃ។ ក្រឡនេះផលិតនៅស្រុកខ្មែរ ចន្លោះសតវត្សទី១១ទៅ១៥នៃគ.ស។ តាមរយៈក្រឡនេះ វាបានបង្ហាញពីទំនាក់ទំនងមួយរវាងមនុស្សសម័យមុននិងបច្ចុប្បន្នដែលនៅតែមានប្រើក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

តាំងនាមឱ្យអាជ្ញាធរជាតិអប្សរា លោកបណ្ឌិតក៏សូមថ្លែងអំណរគុណដល់អ៊ំស្រីដែលរួមចំណែកក្នុងការស្រឡាញ់បេតិកភណ្ឌជាតិនិងបានប្រគល់ក្រឡនេះឱ្យក្រុមការងាររក្សាទុក ព្រមទាំងសិក្សាពីប្រវត្តិរបស់វាផងបន្ត ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលរើសបានរបស់បុរាណទាំងអស់ សូមកុំលក់បន្ត កុំរក្សាទុកដោយខុសច្បាប់ ព្រោះវត្ថុបុរាណមួយ បង្ហាញពីសម័យកាលនិងប្រវត្តិសាស្ត្រមួយរបស់ជាតិខ្មែរ៕គឿនវេត