គណៈកម្មការចម្រុះសម្រេចរុះរើកញ្ចុះដោយផ្ទាល់បន្ទាប់ពីម្ចាស់សំណង់សន្យាហើយមិនធ្វើតាមជាច្រើនលើកច្រើនសា

0

សៀមរាប៖ កញ្ចុះចំនួន១០និងផ្ទះថ្មមួយខ្នងបានសង់ឡើងក្នុងពេលឃោសនាបោះឆ្នោត តាមបណ្តោយផ្លូវពីព្រលានយន្តហោះអន្តរជាតិសៀមរាប

ទៅប្រាសាទអង្គរវត្ត ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ អឿម ស្រីពេជ្រ មានប្តីជាមន្ត្រីយោធា ត្រូវបានក្រុមគណៈកម្មការចម្រុះចុះរុះរើដោយផ្ទាល់នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីម្ចាស់សំណង់សន្យាថារុះរើ តែបែរជាពន្យារពេលជាច្រើនលើកច្រើនសា។

តាមការបញ្ជាក់ពីក្រុមគណៈកម្មការចម្រុះបានឱ្យដឹងថា សំណង់ទាំងនេះគឺស្ថិតក្នុងបញ្ជីរុះរើទាំងអស់ ព្រោះសង់នៅកន្លែងហាមឃាត់ មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ មូលហេតុដែលឈានដល់ការចុះរុះរើ ធ្វើឡើងខណៈក្រុមការងារបានជូនដំណឹងរួចហើយដល់ម្ចាស់សំណង់ ហើយម្ចាស់សំណង់ផ្ទាល់ក៏យល់ព្រមរុះរើក្នុងរយៈពេល៣ថ្ងៃ ព្រោះខ្លាចខូចខាតទ្រព្យសម្បត្តិច្រើន តែលទ្ធផលនៃការរុះរើមានតិចតួចបំផុត ទើបក្រុមគណៈកម្មការចម្រុះអនុវត្តការងារនេះដោយផ្ទាល់ចៀសវាងការលើកហេតុផលបែបនេះបែបនោះបន្តទៀតពីសំណាក់ម្ចាស់សំណង់។

គួរបញ្ជាក់ដែរថា កញ្ចុះទាំងនេះមិនមែនជាភាពចាំបាច់ដូចលំនៅដ្ឋានប្រចាំថ្ងៃឡើយ វាគ្រាន់តែជាការពង្រីកមុខរបរផ្ទាល់ខ្លួនបន្ថែមប៉ុណ្ណោះ ដែលក្រុមការងារមិនអនុញ្ញាតជាដាច់ខាត។ ជាក់ស្តែងម្ចាស់សំណង់ខាងលើ គឺមានភោជនីយដ្ឋានមួយរួចមកហើយនៅទល់មុខប្រាសាទអង្គរវត្ត មានឈ្មោះថា «ខ្មែរអង្គរ» ហើយផ្ទះស្នាក់អាស្រ័យក៏គាត់មានដែរ ដែលស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

ការចុះអនុវត្តយុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងតំបន់១និងតំបន់២នេះ ប្រព្រឹត្តិទៅក្រោមការសម្រេចរបស់ថ្នាក់ដឹកនាំដើម្បីរក្សា ការពាររមណីយដ្ឋានអង្គរ ឱ្យរក្សាបាននូវសោភ័ណភាព ធម្មជាតិ និងស្លាកស្នាមប្រវត្តិសាស្ត្រជាច្រើនផ្សេងទៀតដែលមានក្នុងតំបន់អតីតមហាអាណាចក្រខ្មែរពីបុរាណ៕