ទូ ATM ធនាគារ ABA នៅខេត្តកែប ត្រូវចោរគាស់យកលុយ តែត្រូវផ្ទុះខូចខាតលុយ អស់ជាង ១ម៉ឺនដុល្លារ

0

ខេត្តកែប   ទូដែក ATM សាខាធនាគារ ABA ខេត្តកែប ត្រូវចោរចូលទៅគាស់យកលុយ តែត្រូវផ្ទុះទូខូចខាតលុយ អស់ជាង ១ម៉ឺនដុល្លារ ខណៈចោរផ្សារផ្តាច់សោទូ នៅម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ចំណុចទីតាំងទូ ATM លើកំណាត់ផ្លូវជាតិលេខ៣៣A ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ។

នគរបាលជំនាញក្រុងកែប បានឲ្យដឹងថា លុយដែលខូចខាតក្នុងទូ ATM ខណៈផ្ទុះឆេះនោះជាង ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយបើតាមការ ធ្វើកោសល្យវិច្ច័យ របស់សមត្ថកិច្ចជំនាញ បង្ហាញជាបឋមថា ក្រុមចោរដែលមិនទាន់ស្គាល់ អត្តសញ្ញាណនោះ មានគ្នាចាប់ពី ២នាក់ឡើងទៅ ហើយមុនហេតុការណ៍ ពួកវាបាន យកធុងផ្សារកាត់ដែក ចូលទៅក្នុងទីតាំងទូ ATM ដើម្បីផ្សារផ្តាច់គន្លឹះទូដែក តែមិនដឹងយ៉ាងម៉េចក៏ផ្ទុះទូ ATM ខ្ទេចឆេះលុយអស់រលីង តែម្តង ហើយក្រោយហេតុការណ៍ភ្លាម ឃើញដូច្នេះ ពួកចោរក៏បានគេចខ្លួនបាត់ ដោយមិនបានយកលុយ ក្នុងទូនោះបានមួយរយ មួយរៀលឡើយ ។ 

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បាននិងកំពុងសហការ ជាមួយកម្លាំងផ្សេងៗ ដើម្បីស្រាវជ្រាវស្វែងរកមុខសញ្ញា យកមកផ្តន្ទាទោសតាមច្បាប់ ៕