ប្រេស៊ីលៈ ការប្រកួតបាល់ទាត់ពិភពលោកចាប់ផ្តើមនៅសប្តាហ៍នេះ ការរៀបចំ ការតុបតែង ការត្រៀមខ្លួនទាំងកីឡាករបាល់ទាត់ គ្រូបង្វឹក អ្នករៀបចំ អ្នកទស្សនា និងអ្នកគាំទ្រ តែងបាន ធ្វើអ្វីមួយដើម្បីជាសក្ខីភាព ចូលរួមអបអរសាទរចំពោះព្រឹត្តិការណ៍ជាអន្តរជាតិមួយនេះ។ នៅលើឆ្នេរខ្សាច់មាត់សមុទ្រនៃប្រទេសប្រេស៊ីល និងទីកន្លែងមួយចំនួនសុទ្ធតែបានរៀបចំ និងបង្ហាញនូវសកម្មភាពប្លែកៗទាក់ទិននឹងកីឡាបាល់ទាត់ World Cup នេះ។
តាមវេបសាយបរទេសចិនឆាយណាដេលី ផ្សាយនៅថ្ងៃពុធ ទី១២ មិថុនា ឆ្នាំ២០១៤ នេះបានបង្ហាញនូវរូបភាពប្លែកៗជាច្រើនទាក់ទិននឹងកីឡាបាល់ទាត់ពិភពលោកនេះ ដែលសូម្បីតែបណ្តាមេដឹកនាំប្រទេសមហាអំណាច ថ្នាក់ដឹកនាំ និងមន្ត្រីអង្គការសហប្រជាជាតិ ក៏បានធ្វើសកម្មភាពអបអរគាំទ្រ និងថតរូបជាអនុស្សាវរីយ៍ ចំពោះរដូវប្រកួតបាល់ទាត់ពិភពលោកនេះដែរ។
ព័ទ្ធដោយមហាសមុទ្រអាត្លង់ទិក នៅប៉ែកខាងកើតប្រទេសប្រេស៊ីលមានឆ្នេរសមុទ្រប្រវែង 7.491 គីឡូម៉ែត្រ និងឆ្នេរខ្សាច់ជាង 2000 កន្លែង។ ប្រេស៊ីលត្រូវបានគេចាប់អារម្មណ៍លើឆ្នេររបស់ពួកគេ ខណៈដែលពួកគេត្រៀមខ្លួនសម្រាប់ការប្រកួត World Cup របស់ FIFA ។ ចូររីករាយជាមួយបរិយាកាសនៃការប្រកួតនៅលើឆ្នេររបស់ប្រទេសប្រេស៊ីល។
ក្រៅពីនេះ ពេលនេះគេក៏ឆ្លាក់ចម្លាក់ខ្សាច់មួយមានកីឡាករបាល់ទាត់ប្រេស៊ីល Neymar និងកំពូលខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម Barcelona នៃប្រទេសអាហ្សង់ទីននៅលើឆ្នេរខ្សាច់ Copacabana នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ផងដែរកាលពីថ្ងៃទី២ ខែមិថុនាឆ្នាំ 2014 ៕