ព្រះសីហនុ៖ រយៈពេលប៉ុន្មានថ្ងៃនេះ ភ្លៀងបានធ្លាក់ជោគជាំ រហូលដល់ព្រឹកនេះបានបង្ករអោយ ស្ថានភាពទឹកបានឡើងខ្លាំង លិចហូរកាត់ថ្នល់មួយផ្នែកលើផ្លូវជាតិ៣ ក្នុងឃុំទឹកថ្លា, ឃុំទឹកល្អក់, ឃុំសាមគី្គ និងឃុំមួយចំនួនទៀត តាមផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ព្រមទាំងផ្ទះប្រជាពលរដ្ឋមួយចំនួនរងផលប៉ះពាល់។
អាជ្ញាធរក្នុងតំបន់បាន ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសក្មេង និងចាស់ជរា។ខណៈនេះដែរអភិបាលខេត្តព្រះសីហនុនិងឯឧ ប្រធានក្រុមប្រឹក្សាខេត្តអមដំណើរដោយមន្ត្រីអង្គភាពពាក់ពន្ធ័ចុះពិនិត្យហេតុការណ៍នេះនិង បានត្រៀមកម្លាំង និងមធ្យោយបាយមួយចំនួនត្រៀមចុះទៅជួយអន្តរាគមន៍ បើស្ថានភាពទឹកមិនថមថយ។សំរាប់ថ្ងៃទី១៧សីហា២០១៧នេះមិនទាន់មានសភាពធ្ងន់ធ្ងរទេ។
ចំពោះចំណុចស្ពានសំរោងនិងស្ពាននៅ ស្ទឹងឆាយ ឆ្លងផ្លូវជាតិលេខ៤ក្នុងស្រុកកំពង់សីលាដែលតែងលិចញឹកញាប់ជាងគេនៅព្រឹក១៧សីហា២០១៧នេះមិនទាន់មិនទាន់លិចទេ។តែបើភ្លៀងនៅបន្តធ្លាក់ខ្លាំងអត់ឈប់អាចនឹងលិច។នេះបើយោងតាមប្រសាសន៍ លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះសីហនុ។
លោក ណុប ហេង បញ្ជាក់បន្ថែមថា៖ការលិចផ្លូវជាតិលេខ៣នៅចំណុចភូមិសាស្ត្រឃុំខាងលើនេះដោយសារតែទឹកហូរពីភ្នំខ្លាំងចុះទៅសមុទ្រស្របពេលទឹកសមុទ្រជោរមកខ្លាំងដែរក៍នាំអោយទឹកត្រូវធ្លាក់ចុះយឺតបណ្តាលអោយលិចបែបនេះ។តែលោកថាមិនទាន់មានភាពធ្ងន់ធ្ងរនៅឡើយទេ។
គ្រានេះដែរអាជ្ញាធរមូលដ្ឋាននិងក្រុមកាកបាតក្រហមកំពុងចុះពលរដ្ឋដែលរងផលប៉ះពាល់គ្រោងជួយសង្គ្រោះបន្ទាន់ផងដែរ។
សូមបញ្ជាក់ផងដែថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ កម្ពុជាទទួលរងនូវសម្ពាធទាប ពីសមុទ្រចិនខាងត្បូង ដូច្នេះហើយនឹងមានភ្លៀងធ្លាក់ ខ្យល់កន្ដ្រាក់ និងរន្ទះ នៅតាមបណ្ដាខេត្តមួយចំនួន។
នៅតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើនដេរដាស ដែលអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង លាយឡំជាមួយផ្គរ រន្ទះ និងទឹករលកសមុទ្រមានកម្ពស់ខ្ពស់ៗ៕





































