កំពង់ចាម: យុទ្ធនាការយ៉ាងក្ដៅគគុករបស់សមត្ថកិច្ចអាជ្ញាធរខេត្តកំពង់ចាម ក្នុងកិច្ចបើកយុទ្ធនាការបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ ដោយធ្វើការរឹបអូសនូវឧបករណ៍ខុសច្បាប់ជាច្រើនដុតបំផ្លាញចោល និងធ្វើការរំដោះកូនត្រីចម្រុះចាក់ព្រលែងចូលបឹងធម្មជាតិវិញជាបន្តបន្ទាប់ ព្រមទាំងបានឈានដល់បង្ក្រាបរាល់ការដឹកជញ្ជូនកូនត្រីនុយ យកទៅលក់បន្តទៀតផង។
អធិការរងនគរបាលស្រុកកងមាស លោកវរសេនីយ៍ត្រី ថុង ភូរីវុធ បានឲ្យដឹងថា ដោយមានបទបញ្ជាពីលោក វរសេនីយ៍ទោ ជា ជួន អធិការនគរបាលស្រុកកងមាស និងមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង បានចុះបង្ក្រាបករណីដឹកកូនត្រីនុយយកទៅលក់ កាលពីវេលាម៉ោង៥ និង១៥នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចបឹងកក់ ក្រោយភូមិកងតាណឹងទី៩ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។
ដោយកម្លាំងសមត្ថកិច្ចបានបង្ក្រាប និងធ្វើការរឹបអូសនូវវត្ថុតាងរួមមាន រុឺម៉កដឹកត្រីនុយចំនួន០២គ្រឿង ម៉ូតូ០១គ្រឿង និងកូនត្រីនុយចំនួន៥៩កាន ស្មើនឹង ១,៤៧៥គីឡូក្រាម ដោយឡែកជនសង្ស័យបានរត់គេចខ្លួនបាត់។
បច្ចុប្បន្ន មធ្យោបាយ និងវត្ថុតាង ត្រូវបានប្រគល់ឲ្យមន្ត្រីជំនាញរដ្ឋបាលជលផលស្រុកកងមាស ដើម្បីចាត់ការបន្តតាមនិតិវិធី ៕