ខេត្តរតនគិរី ៖ កម្លាំកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បង្ក្រាបរថយន្តសាំយុង ២គ្រឿង ប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើ បន្ទាប់ពីរថយន្តទាំង២គ្រឿងនេះ លួចបង្កប់ឈើប្រណិតនៅបាតរថយន្ត ដឹកឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។
រថយន្ត ២គ្រឿង នោះត្រូវបានបង្ក្រាបកាលពីវេលាម៉ោង ១នឹង២៥នាទី រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ អ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
កម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំផ្ទាល់ដោយលោក សុខ មីន មេបញ្ជាការអាវុធហត្ថស្រុកអូរយ៉ាដាវ ហើយរថយន្ត មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ.ព-2M-3652 ដែលមានម្ចាស់ ស្រីឈ្មោះ គារ រស់នៅភូមិ៧មករា សង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី លួចបង្កប់ឈើអា ប្រភេទធ្នុងចំនួន៦២ដុំ មានទម្ងន់ ៣៨៨គីឡូក្រាម ស្មើនឹង ០.៣១០ ម៉ែត្រគូប ចំណែកមួយគ្រឿងទៀត ម៉ាកសាំយុងដូចគ្នាពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ.ព-2A-5540 លួចបង្កប់ឈើធ្នង់ចំនួន ២៤ដុំ ទម្ងន់ ២៥៨គីឡូក្រាម។
តាមការឲ្យដឹងពីលោក សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវបានឲ្យដឹងថា មុននឹងឈានដល់ការបង្ក្រាបនេះ លោកបានដាក់កម្លាំងរបស់លោកបង្រាយ ដើម្បីត្រួតពិនិត្យ តាមដងផ្លូវចំនួន៣ គោលដៅ តាមបទបញ្ជារបស់លោកមេបញ្ជាការកងរាជអាវុធខេត្ត លោកអភិបាលស្រុកអូរយ៉ាដាវ ក៏ដូចជា បទបញ្ជាពីឯកឧត្ដមអភិបាលខេត្តផងដែរ។
ខណៈពេលដែលត្រួតពិនិត្យនោះ កម្លាំងរបស់លោកក៏ប្រទះឃើញឈើ ដែលក្រុមឈ្មួញកែច្នៃបាតរថយន្តទំលាក់ទៅក្រោម លួចដាក់ឈើប្រណិត។
បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថស្រុក ធ្វើការត្រួតពិត្យឆែកឆេរ ឃើញវត្ថុតាងដូចការរៀបរាប់ខាងលើនេះ ក៏នាំយកមកទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថស្រុក ធ្វើកំណត់ហេតុ ព្រមទាំងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ផ្នែកបរកែវនៅរសៀលថ្ងៃដដែលនោះផងដែរ។
ដោយឡែកម្ចាស់រថយន្តដឹកឈើខុសច្បាប់ខាងលើនេះ មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនប្រគល់ជូនជំនាញនោះទេ គឺគ្រាន់តែឃាត់រថយន្តនិងវត្ថុតាងប្រគល់ជូនជំនាញ ហើយជំនាញ តម្រូវឲ្យម្ចាស់រថយន្ត ខាងលើចូលខ្លួនមកបង់ផាកវិន័យតាមច្បាប់ព្រៃឈើ៕ដោយ យក្ខឡោម