នគរបាល​ និង​អាវុធ​ហត្ថ​​ខេត្ត​ត្បូងឃ្មុំ​ បង្ក្រាប​រថយន្ត​ដឹក​ឈើ​ប្រណិត​​ ខណៈ​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​លោក​គឹម​ ឈុន​លី​ កំពុង​ដេក​លង់លក់​

0

ត្បូងឃ្មុំ: ដោយ​ឈើ​ប្រណីត​ជា​ច្រើន​ប្រភេទ​ ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​តាម​រថយន្ត​តូច​ធំ​ ឆ្លងកាត់​ទឹក​ដី​ខេត្ត​ត្បូងឃ្មុំ​ ដើម្បី​យក​ទៅ​លក់​បន្ត​ឲ្យ​ឈ្មួញ​ ហើយ​គេ​តែង​តែ​ឃើញ​កម្លាំង​នគរបាល​ និង​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​បង្ក្រាប​ ព្រមទាំង​ធ្វើ​ការ​​រឹបអូសនូវ​វត្ថុតាង​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជាបន្តបន្ទាប់​ ដែល​ត្រូវ​គេ​សង្ស័យ​ថា​ លោក​គឹម​ ឈុន​លី​ នាយខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​ ​កំពុង​តែ​ដេក​លង់លក់​។

ជាក់ស្ដែង​កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ​ សហការ​ណ៍​ជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកពញាក្រែក បាន​ធ្វើការ​បង្ក្រាប​ស្ទាក់ចាប់រថយន្ត០១គ្រឿង​ កាល​ពី​វេលាម៉ោង​០៩យប់​ ថ្ងៃ​ទី​១៧​ ខែ​សីហា​ ឆ្នាំ​២០១៧​ នៅ​ចំណុច​ភូមិ​ប្រសិត​ ឃុំ​ក្រែក​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ ដែល​មាន​បង្កប់​ឈើ​ក្រញូង​ បម្រុង​ដឹក​យក​ទៅ​លក់​បន្ត​ឲ្យ​ឈ្មួញ​ ដោយ​សមត្ថកិច្ច​បាន​ធ្វើ​ការ​ឃាត់ខ្លួន​អ្នក​បើកបរ​ និង​ព្រូ​រថយន្ត​ផងដែរ​។
សមត្ថកិច្ច​បាន​ឲ្យដឹងថា​ រថយន្ត​ដែល​ដឹក​បង្កប់​ឈើ​ក្រញូង​នេះ​ ម៉ាកតូយូតា(TOYOTA) ហៃយ៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប2A-1902​ បើកបរដោយឈ្មោះ នួន សុផល ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ និង​ព្រូ​រថយន្ត​ម្នាក់​ទៀត​ឈ្មោះ ភឿង ភាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ បាន​ដឹកឈើប្រណិត ប្រភេទក្រញូង ចំនួន៥៤ដុំ ស្មើនឹង៣១៨គីឡូក្រាម ដែលបម្រុងយកទៅលក់ឲ្យឈ្មួញ ដោយគ្មានលិខិតអនុញ្ញាត។​
បច្ចុប្បន្នជនសង្ស័យទាំង២នាក់​ រួមជាមួយវត្ថុតាង​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ដើម្បី​​​ចាត់ការ​បន្ត​តាមនីតិវិធី​ច្បាប់​។
សូម​បញ្ជាក់​ផង​ដែរថា​ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ សមត្ថកិច្ច​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ ​បាន​បង្ក្រាប​រថយន្ត​ដឹក​ឈើ​ប្រណីត​ ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​​ ចំនួន​៦គ្រឿង​ហើយ​ ៕