ឯកឧត្ដមសួន បវរ ថាក្មួយៗទូទាំងខេត្តបន្ទាយមានជ័យដែលទទួលបាននិទ្ទេស A នឹងទទួលបានទូរស័ព្ទ iPhone ចំនួនមួយគ្រឿង ដើម្បីជាកាលើកទឹកចិត្ត

0

បន្ទាយមានជ័យ: ឯកឧត្ដមសួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: ការបើកវិញ្ញាសាជូនក្មួយៗ ខ្ញុំសង្ឃឹមថាឆ្នាំនេះលទ្ធផលនៃ

ការប្រឡងនឹងទទួលបានលទ្ធផលល្អជាងឆ្នាំមុនៗ ដោយយើងបានប្រុងប្រៀបយ៉ាងហ្មត់ចត់ ហើយក្មួយៗក៏បានត្រៀមខ្លួនតាំងពីដើមឆ្នាំមកហើយដែរ ជ័យលាភីដែលក្មួយៗទទួលបានបន្ទាប់ពីការប្រឡងនេះ និងត្រូវបានលើកទឹកចិត្តដោយសន្យាថាក្មួយៗទូទាំងខេត្តបន្ទាយមានជ័យដែលទទួលបាននិទ្ទេស A នឹងទទួលបានទូរស័ព្ទ iPhone ចំនួនមួយគ្រឿង ដើម្បីជាកាលើកទឹកចិត្ត ។ សូមក្មួយៗប្រឹងប្រែងទាំងអស់គ្នា ។
លើកឡើងដូចច្នេះក្នុងសម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាបត្រទុតិយភូមិ ឆ្នាំសិក្សា២០១៦-២០១៧ ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៧នៅវិទ្យាល័យសម្ដេចឱ ក្រុងសិរីសោភ័ណជាប្រជុំជនខេត្តនេះ។
ឯកឧត្ដមសួន បវរ អភិបាលខេត្តបន្ទាយមានជ័យបន្តថា: ទឹកមុខញញឹមបង្កប់ដោយភាពក្លាហាន និងជឿជាក់លើសមត្ថភាពរបស់ខ្លួន ពិតជាបង្ហាញថា ក្មួយៗជាបេក្ខភាពប្រឡងដែលពោពេញដោយការជឿជាក់លើសមត្ថភាពខ្លួនឯង ។ ម៉ោង០៦ ៤៥នាទី នៅក្នុងមណ្ឌលប្រឡងបេក្ខជនបានមកដល់តម្រង់ជួរប្រកបដោយសណ្តាប់ធ្នាប់រៀបរយ និងសុវត្តិភាព បន្ទប់មានភ្លើងបំភ្លឺគ្រប់គ្រាន់ ស្ងប់ស្ងាត់ផ្តល់លក្ខណៈងាយស្រួលដល់ក្មួយៗក្នុងការប្រឡង ។ ជូនពរក្មួយៗ ទទួលបានជោគជ័យក្នុងការប្រឡងគ្រប់ៗគ្នា ។
បញ្ជាក់ថា: ការប្រឡងបាក់ឌុបឆ្នាំនេះមានចំនួន៥មណ្ឌល ១មណ្ឌលវិទ្យាល័យសម្តេចឪ ២មណ្ឌលវិទ្យាល័យសិរីសោភ័ណ ៣មណ្ឌលវិទ្យាល័យអូរអំបិល ៤មណ្ឌលវិទ្យាល័យហ៊ុនសែនសូភី និង៥មណ្ឌលអនុវិទ្យាល័យទឹកថ្លា មានបន្ទប់ប្រឡងចំនួន១៣៨បន្ទប់ ដែលមានបេក្ខជនចូលរួមប្រឡងមានចំនួន ៣.៤២៥នាក់ ស្រី១.៧០០នាក់ និងព្រះសង្ឃមានចំនួន៨៥អង្ឃ បេក្ខជនចំណេះទូទៅមានចំនួន ២.៧៨២នាក់ ស្រី១.៤១៦នាក់ បេក្ខជនស្វៃរិនមានចំនួន៤៥៣នាក់ ស្រី២៣៩នាក់ បំពេញវិទ្យាមានចំនួន១៩២នាក់ស្រី៤៦នាក់៕ដោយ:ឃិន គន្ធា