តាកែវ ៖ បន្ទាប់ពីមានឧត្តមសេនីយ៍ត្រីម្នាក់បានស្នើសុំដី៣រយហិកតាពីអាជ្ញាធរខេត្តតាកែវយកទៅចែកជូនប្រជាពលរដ្ឋនិងគ្រួសារកងទ័ព
គណៈកម្មាធិការមួយដែលដឹកនាំដោយលោក អ៊ូច ភា អភិបាលរងខេត្ត ត្រូវបានអាជ្ញាធរខេត្តតាកែវធ្វើការបង្កើតឡើងក្នុងគោលបំណងចុះទៅសិក្សាស្រាវជ្រាវឲ្យដឹងពិតប្រាកដថាតើពិតជាមានប្រជាពលរដ្ឋនិងគ្រួសារកងទ័ពអត់ដីធ្វើស្រែចំការពិតប្រាកដមែនឬយ៉ាងណា? ។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅសាលាខេត្តតាកែវ លោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវបានថ្លែងថា ប្រសិនបើប្រជាពលរដ្ឋនិងគ្រួសារកងទ័ពពិតជាអត់ដីធ្វើស្រែចំការពិតប្រាកដ ដូចការស្នើសុំដីសម្បទានសេដ្ឋកិច្ចចំនួន៣រយហិតតាពីសំណាក់លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ស៊ន មេបញ្ជាការរងកងពលលេខ៣០១មែននោះ អាជ្ញាធរខេត្តតាកែវនិងដោះស្រាយជូនតាមរយៈការស្នើសុំទៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាត់ដីសម្បទានសេដ្ឋកិច្ចចំនួន៣រយហិកតាយកទៅចែកជូនដល់គ្រូសារកងទ័ពទាំង៦៧គ្រូសារនិង៩៥គ្រូសារទៀតរបស់គ្រូសារអតីតៈយុទ្ធជននៅក្នុងខេត្តតាកែវ។ លោកអភិបាលខេត្តបានបន្ថែមថា កន្លងមកតាមរយៈអាជ្ញាធរមូលដ្ឋានភូមិស្រែជើងរាស្រ្ត បានរាយការណ៍មកខេត្តថា ក្នុងចំណោមប្រជាពលរដ្ឋនិងគ្រួសារកងទ័ពទាំង៦៧គ្រូសារដែលស្នើសុំដី៣រយហិកតាតាមរយៈលោកឧត្តមសេនីយ៍មេបញ្ជាការរងកងពលលេខ៣០១ អាជ្ញាធរមូលដ្ឋានរកឃើញមនុស្សពិតប្រាកដតែ៤គ្រូសារតែប៉ុណ្ណោះ។ ដូច្នោះដើម្បីជៀសវាងការយកប្រជាពលរដ្ឋឬគ្រួសារកងទ័ពធ្វើឈ្នាន់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះ គណៈកម្មាធិការដែលខេត្តបង្កើតឡើងនេះនិងចុះស្រាវជ្រាវស្វែងរកឲ្យឃើញពីប្រជាពលរដ្ឋក្រីក្រនិងគ្រូសារកងទ័ពដែលអត់ដី ហើយបើរកឃើញយ៉ាងណានោះត្រូវរាយការណ៍មកគណៈអភិបាលខេត្តដើម្បីមានវិធានការណ៍បន្តទៀត។
បើតាមលោកអភិបាលខេត្តតាកែវ គណៈកម្មាធិការដែលខេត្តបានបង្កើតឡើងនេះនិងចុះត្រួតពិនិត្យមើលក្រុមហ៊ុនពីរផងដែរដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលរាប់ពាន់ហិកតា ថាបានធ្វើសកម្មភាពអភិវឌ្ឍន៍លើដីទាំងអស់នោះបានចំនួនប៉ុន្មានហិកតាចាប់តាំងពីបានទទួលសិទ្ធិអភិវឌ្ឍន៍ចាប់តាំងតែពីឆ្នាំ២០០០មកនិងបានផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់ប្រជាពលរដ្ឋតាមរយៈបង្កើតការងារឲ្យប្រជាជនមូលដ្ឋានមានការងារធ្វើ។ ប្រសិនបើក្រុមហ៊ុនគ្មានសកម្មភាពអភិវឌ្ឍន៍លើដីសម្បទាននោះទេ និយាយជារួមមិនបានអនុវត្តតាមកិច្ចសន្យាជាមួយនិងរាជរដ្ឋាភិបាល អាជ្ញាធរខេត្តតាកែវនិងធ្វើសំណើរទៅប្រមុខរាជរដ្ឋាភិបាលសុំលុបកិច្ចសន្យានេះចោលហើយកាត់ដីទាំងអស់នោះទុកសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ ជាពិសេសចែកជូនដល់គ្រួសារកងទ័ពនិងគ្រួសារអតីតៈយុទ្ធជននៅក្នុងខេត្តតាកែវ៕ ដោយ វីរៈ





































