តាកែវ៖ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានប្រាប់ដល់មន្រ្តីសូរិយោដី ត្រូវតែចុះចែក ប័ណ្ណកម្មសិទ្ធដីធ្លីដល់ប្រជាពលរដ្ឋដល់លំនៅដ្ឋាន 
បន្ទាប់ពីបញ្ចប់នីតិវិធីវាស់វែង និងធ្វើប្លង់រួចរាលហើយ។ថ្លែងក្នុងពិធីប្រជុំដោះស្រាយជាមួយគណៈគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងគណៈកម្មការខេត្តចុះពិនិត្យករណីបណ្ដឹងដីធ្លីរបស់ប្រជាពលរដ្ឋនៅភូមិស្រែជើងរាស្រ្ត ស្ថិតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ លោកអភិបាលខេត្តតាកែវបានឲ្យដឹងថា ការចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋពីសំណាក់មន្រ្តីសូរិយោដី គឺជាសកម្មភាពដ៍ល្អ របស់មន្រ្តីរាជការ ដែលក្នុងនោះសម្តេចតេជោ ហ៊ុន សែន តែងតែដាស់តឿនរឿយៗថា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយប្រជាពលរដ្ឋនោះទេ។ ដូច្នោះនៅពេលមន្រ្តីសូរិយោដីធ្វើប្លង់ និងវាស់វែងដីជូនប្រជាពលរដ្ឋរួចហើយ ត្រូវតែចុះចែកជូនពួកគាត់ភ្លាមៗ ដោយមិនត្រូវទុកឲ្យយូរ និងឲ្យពួកគាត់មកយកដោយខ្លួនឯងនោះទេ ។
លោកអភិបាលខេត្តបន្ថែមទៀតថា មុនចុះចែកប័ណ្ណ និងដាក់ឯកសារមករដ្ឋបាលសាលាខេត្ត មន្ទីរសូរិយោដី ត្រូវផ្តល់ដំណឹងមករដ្ឋបាលខេត្តឲ្យបានមុន១សប្តាហ៍ ដើម្បីឲ្យខេត្តចាត់ចែងឲ្យក្រុមយុវជន អភិបាលស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមប្រឹក្សាខេត្ត ចុះទៅចែកប័ណ្ណកម្មសិទ្ធិនេះដល់ប្រជាពលរដ្ឋ ជាមួយនឹងមន្រ្តីសូរិយោដីដែរ ដើម្បីជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ របស់មន្រ្តីគ្រប់លំដាប់ថ្នាក់ជាមួយនិងប្រជាពលរដ្ឋ ។
បើតាមលោក ឡាយ វណ្ណៈ ភិបាលខេត្តតាកែវ គោលបំណងនៃការចុះចែកប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋដល់ខ្នងផ្ទះនេះគឺជាការផ្តល់ដល់គាត់នូវភាពស្របច្បាប់ និងផ្តល់ផលប្រយោជន៍ដល់ពួកគាត់ពេសេសផ្តល់សេវារដ្ឋបាលបានលឿនរហ័ស ហើយក្នុងនោះដែរក៍ដើម្បីឲ្យមន្រ្តីរបស់យើងបាន សាកសួរសុខទុក្ខ និងដឹងពីបញ្ហាប្រឈម និង សំណូមពររបស់ប្រជាពលរដ្ឋផងដែរ ៕ដោយ វីរៈ





































