តាកែវ ៖ ជនសង្ស័យពាក់ព័ន្ធករណីប្រើ ប្រាស់និងរក្សាទុកសារធាតុញៀនខុសច្បាប់២នាក់ត្រូវបានសមត្ថកិច្ចស្រុកត្រាំកក់ឃាត់ខ្លួនរួមនិងវត្ថុតាង
បន្ទាប់ពីពួកគេនាំគ្នាសម្ងំជកថ្នាំញៀនក្នុងបន្ទប់ទឹករោងចក្រ។
ការចុះឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធការប្រើប្រាស់សារធាតុដោយខុសច្បាប់នេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៤និង៤០នាទី ដោយ កម្លាំងជំនាញនៃអធិការដ្ឋាននគរ បាលស្រុកត្រាំកក់ នៅចំណុចក្នុងរោងចក្រស្ថិតនៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់បានឱ្យដឹងថា ជនសងសង្ស័យទាំង០២នាក់ខាងលើដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ផន សុខមឿន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងគូ ឃុំលាយបូរ ស្រុកត្រាំកក់ មុខរបរកម្មកររោងចក្រ និងម្នាក់ទៀតឈ្មោះ វឿន សាវុធ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្គនរាយណ៍ ឃុំលាយបូរ ស្រុកត្រាំកក់ មុខរបរកម្មករ រោងចក្រ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើសមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លា០១កញ្ចប់តូច ទូរស័ព្ទដៃ០១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យដែលឃាត់ខ្លួនបានត្រូវកម្លាំងជំនាញធ្វើការសាកសួរនិងកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕




































