ប្រជាពលរដ្ឋម្ចាស់សំណង់ខុសច្បាប់ម្នាក់ក្នុងឧទ្យានអង្គរព្រមស្ម័គ្រចិត្តរុះរើសំណង់និងចូលរួមដាំដើមឈើឡើងវិញក្នុងដីរបស់ខ្លួន

0

សៀមរាប៖ ប្រជាពលរដ្ឋមួយរូបដែលបានសាងសង់សំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ឈ្មោះ យិន

សុភាព បានស្ម័គ្រចិត្តរុះរើសំណង់ដោយខ្លួនឯង និងរៀបចំដីដើម្បីដាំដើមឈើប្រណីតឡើងវិញ ពិសេសគឺឈើនាងនួន បន្ទាប់ពីស្តាប់ការណែនាំអំពីប្រយោជន៍នៃការការពារបេតិកភណ្ឌពីក្រុមគណៈកម្មការចម្រុះកាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។

តាមរយៈក្រុមការងារ ក្រោមការដឹកនាំរបស់ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បានអបអរសាទរចំពោះកិច្ចសហការដ៏ប្រពៃនេះ ព្រមទាំងសម្រេចផ្តល់កូនឈើប្រណីតៗដើម្បីដាំនៅលើផ្ទៃដីកន្លះហិកតារបស់គាត់ ហើយក្រុមការងារក៏សន្យានឹងចូលរួមដាំដើមឈើរួមគ្នានៅពេលសមរម្យណាមួយផងដែរ។

អាជ្ញាធរជាតិអប្សរាក៏សំណូមពរឱ្យប្រជាពលរដ្ឋដទៃទៀត ដែលសាងសង់សំណង់ធ្ងន់ស្រាលខុសច្បាប់ក្នុងឧទ្យានអង្គរ សូមបន្តស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ចៀសវាងការខូចខាតធ្ងន់ធ្ងរ។ ម្យ៉ាងទៀតសូមចូលរួមដាំដើមឈើនៅលើដីទំនេររបស់ខ្លួន ដើម្បីបង្កើតគម្របបៃតងដល់រមណីយដ្ឋានអង្គរឱ្យបានច្រើនសម្រាប់ទាក់ទាញទេសចរផង ជារបាំងការពារគ្រោះធម្មជាតិ និងការពារបរិស្ថានផង ដោយយកគំរូតាមលោក យិន សុភាព៕