បើកបរ​ម៉ូតូ​មិន​ប្រកាន់​ស្តាំ ត្រូវ​រថយន្ត​ដឹក​ស៊ីម៉ងត៍​​ បុកស្លាប់​ម្នាក់​ និង​រងរបួស​ធ្ងន់​ម្នាក់​ នៅ​គល់​ស្ពាន​គីហ្សូណា​

0

ត្បូងឃ្មុំ​​:​ បុរស​ម្នាក់​ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ និង​ម្នាក់​ទៀត​ត្រូវ​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ ខណៈ​ដែល​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូដោយ​មិន

ប្រកាន់​ស្កាំ​ ហើយ​ត្រូវ​រថយន្ត​ដឹក​ស៊ីម៉ងត៍​សណ្តោង​រ៉ឺម៉ក​បើក​បុក​ពេញ​ទំហឹង​។
ហេតុការណ៍​នេះ​បាន​កើតមាន​ឡើង​កាល​ពី​វេលាម៉ោង​០៩​ និង​១៥នាទី​យប់​ ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០១៧​នៅចំណុច​គល់​ស្ពាន​គីហ្សូណា​ត្រើយ​ខាង​កើត​ ស្ថិតនៅ​ក្នុង​ភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បើក​យោង​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា​ គេ​បាន​ឃើញ​​បុរស​២នាក់​ជិះ​ម៉ូតូ​១គ្រឿង​ ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ​ ភ្នំពេញ1D-6467 បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ ដោយ​មិន​ប្រកាន់​ស្កាំ​ ខណៈ​មក​ដល់​ត្រង់​ចំណុច​កើត​ហេតុ​ ស្រាប់តែ​មាន​រថយន្ត​ដឹក​ស៊ីម៉ងត៍​​១គ្រឿង​ ម៉ាក​ហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​3D-​ 7288​ ដោយមាន​សណ្តោង​រ៉ឺម៉ក​ផង​នោះ​ បាន​បុក​ជា​មួយ​ម៉ូតូ​ពេញទំហឹង​ បណ្ដាល​ឲ្យ​ជន​រងគ្រោះ​ដែល​ជា​អ្នក​បើកបរ​ម៉ូតូ​ឈ្មោះ​ភិន​ សារ៉ាន់​ ភេទប្រុស​ អាយុ​៣០ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ថ្មី​ ឃុំ​ពាមប្រធ្នោះ​ ស្រុក​កោះសូទិន​​ បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ និង​អ្នក​រួម​ដំណើរ​ពី​ក្រោយ​ឈ្មោះ​ ឡាយ​ លីហ័រ​ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ រស់នៅ​​ភូមិ​ថ្មី​ ឃុំ​ពាមប្រធ្នោះ​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់ចាម​ ត្រូវ​រងរបួស​ធ្ងន់​ និង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ ដោយឡែក​អ្នក​​បើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​ភ្លាមៗ​ផង​ដែរ​។
ក្រោយ​ពី​កើត​ហេតុ​ មន្ត្រី​នគរបាល​ចរាចរណ៍​ បាន​ចុះ​ទៅធ្វើ​ការ​អន្តរាគមន៍​សម្រួល​ចរាចរណ៍​ និង​បញ្ជូន​ជនរងគ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ហើយ​បាន​ធ្វើការ​ស្រាវជ្រាវ​រក​សាច់ញាតិ​របស់​អ្នកស្លាប់​ ឲ្យ​មក​ទទួល​យក​សាកសព​ ទៅ​ធ្វើរបុណ្បតាមប្រពៃណី​។
បច្ចុប្បន្ន​ វត្ថុតាង​ទាំង​ម៉ូតូ​របស់​​ជនរងគ្រោះ​ និង​រថយន្ត​បង្ក​ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ ដើម្បី​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ​ ៕