សមត្ថកិច្ច​នៅតែ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ ដូច​ភ្លៀង​រលឹម​​ បើទោះបី​ជា​ការ​បង្ក្រាប​ដួច​ជា​វែកចកក្តី

0

កំពង់ចាម:​​ ដោយ​​អនុវត្តន៍​តាម​គោលការណ៍​បញ្ញាាតិច្បាប់​ របស់​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ក្នុង​ការ​បង្ក្រាប​ទប់ស្កាត់​រាល់​បទល្មើស​

នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទ​​ ជា​ពិសេស​ក្នុង​រដូវ​បិទ​ការ​នេសាទ​ នារដូវ​ត្រី​ពង​កូន​ កម្លាំង​ជំនាញ​ នៃ​ខណ្ឌ​​រដ្ឋបាលជលផល​ខេត្ត​កំពង់ចាម​ បាន​សហការណ៍​ជាមួយកង​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ បើក​យុទ្ធនាការ​យ៉ាង​ក្ដៅ​គគុក​ ​ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​ ដោយ​ធ្វើការ​រឹបអូស​នូវ​ឧបករណ៍​ខុសច្បាប់​ដុតបំផ្លាញចោល​ ព្រម​ទាំង​​រំដោះ​កូនត្រី​ចម្រុះ​ចាក់​ព្រលែង​ចូល​បឹង​ធម្មជាតិ​វិញ​ផង​ដែរ​។
ជាក់ស្តែង​ ​កាលពី​ព្រឹក​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានសហការ​ណ៍​ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ ចុះ​ធ្វើ​ការ​បង្ក្រាប​បទល្មើសនេសាទខុសច្បាប់​ នៅចំណុច​បឹង​ ស្ថិតនៅ​ក្នុង​ឃុំច្បារអំពៅ​ ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម។
សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជាលទ្ធផល​ក្នង​ការ​បង្ក្រាប​នេះ​ កម្លាំង​ចម្រុះ​បាន​ធ្វើការ​រឹបអូស​បាន​នូវ​ឧបករណ៍​ខុសច្បាប់​រួមមាន​ លូសៃស្បៃមុងចំនួន៣៩មាត់​ របាំងស្បៃមុង១៩៥០ម៉ែត្រ​ និង​បង្គោលចំនួន៥៨៥ដើម​ ព្រមទាំង​បានចាក់ព្រលែងកូនត្រី​ចម្រុះ​ចូល​បឹង​ធម្មជាតិ​វិញ​ ចំនួន១១៧គីឡូក្រាម​ ចំណែក​សម្ភារៈ​ឧបករណ៍​បទល្មើស​ទាំងនោះ​ ត្រូវបានកាប់កំទេចចោលនៅក្នុងទឹក​តែ​ម្តង​។
ដោយឡែក​ នៅ​ព្រឹក​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កម្លាំងជំនាញ​ នៃ​ខណ្ឌ​រដ្ឋបាលជលផល​ខេត្ត​កំពង់ចាម​ ​បាន​សហការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកុយ​ ប៉ុស្តិ៍​រាយប៉ាយ និងប៉ុស្តិ៍រដ្ឋបាលកងតាណឹង​ ​រួម​ជាមួយ​កម្លាំង​សហគមន៍​នេសាទ​ បានចុះបង្ក្រាប​បទល្មើសនេសាទខុសច្បាប់​ នៅក្នុង​ភូមិសាស្ត្របឹងB6 ស្ថិតក្នុងឃុំព្រែកកុយ ឃុំរាយប៉ាយ និង​ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។
សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជាលទ្ឋផល​ក្នុង​ការ​បង្ក្រាប​នេះ​ កម្លាំងចម្រុះបាន​ធ្វើ​ការ​រឹបអូស​បាន​នូវ​ឧបករណ៍​ខុសច្បាប់​រួមមាន​ លូស្បៃមុងចំនួន៨៥មាត់ ព្រួលស្បៃមុងប្រវែង៤២៥០ម៉ែត្រ បង្គោលចំរឹងចំនួន១២៧៥ដើម ព្រម​ទាំង​បាន​ចាក់ព្រលែងកូនត្រីចម្រុះ​ចូល​បឹង​ធម្មជាតិ​វិញ​ ចំនួន១៧០គីឡូក្រាម​ ចំណែក​សម្ភារៈ​ឧបករណ៍បទល្មើសនេសាទទាំងនោះ ត្រូវដុតបំផ្លាញចោលនៅលើទំនប់អូឈូក ឃុំស្តៅ​ ផ្ទាល់​តែ​ម្តង​ ៕