ខេត្តរតនគិរី៖ ក្រោយការបង្ក្រាបបានរថយន្តយីឌុបធុនយក្សចំនួន៤គ្រឿង នៅក្នុងស្រុកកូនមុំ ដែលមានដឹកឈើលើសអាជ្ញាប័ណ្ណចេញពីក្រុមហ៊ុន ស៊ីវ ហ្គិច ក្នុងខេត្តស្ទឹងត្រែង កាលពីពីរថ្ងៃមុននោះ នៅព្រឹកថ្ងៃទី២៧ ខែសីហានេះ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែងហើយ ប៉ុន្តែការវាស់វែងនេះ គេរើតែរថយន្តដឹកជំនៀរឈើតូចៗមួយគ្រឿងប៉ុណ្ណោះ ខណៈរថយន្ត៣គ្រឿងទៀត ត្រូវគេដាក់ការសង្ស័យថា មន្ត្រីជំនាញបានឃុបឃិតជាមួយឈ្មួញ ទើបមិនរើវាស់វែងបែបនេះ។
រថយន្តយីឌុបខ្នាតយក្សចំនួន៣គ្រឿង ដែលដឹកឈើលេខ១ លើសអាជ្ញាប័ណ្ណ ចំណែករថយន្តយីឌុប១គ្រឿងទៀត ពុំមានអាជ្ញាប័ណ្ណនោះ ត្រូវបានលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចម្រុះស្រុកកូនមុំធ្វើការឃាត់ ហើយត្រួតពិនិត្យឃើញថា លើសអាជ្ញាប័ណ្ណ។ ការឃាត់រថយន្តយីឌុប៤គ្រឿងនេះ ធ្វើឡើងនៅវេលាម៉ោង១១នឹង៤៦នាទី យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ត្រង់ចំណុចភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចចម្រុះ បានឲ្យដឹងថា រថយន្តយីឌុប៤គ្រឿង ដឹកឈើលេខ១ ចេញពីដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន ស៊ីវ ហ្គិច ក្នុងខេត្តស្ទឹងត្រែងជាប់ព្រំប្រទល់ខេត្តរតនគិរី ឆ្ពោះតាមផ្លូវលំក្រាលក្រួសក្រហម ឆ្លងកាត់ស្រុកកូនមុំ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់នៅត្រង់ចំណុចផ្លូវបំបែកជាបី ស្ថិតនៅភូមិ-ឃុំខាងលើ។ សមត្ថកិច្ចបានបន្ថែមទៀតថា រថយន្តទី១ ពាក់ស្លាកលេខ ភ្នំពេញ 4A-0616 ទី២ ពាក់ស្លាកលេខ កំពង់ចាម 3A-5742 ទី៣ ពាក់ស្លាកលេខ ភ្នំពេញ 3C-3704 និងទី៤ ពាក់ស្លាកលេខ តាកែវ 3A-1493។ រថយន្តទាំង៤នេះ សុទ្ធតែជារថយន្តយីឌុបខ្នាតយក្ស។
ក្រោយការឃាត់បានហើយនោះ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ ជំនាញរដ្ឋបាលព្រៃឈើខេត្ត បានធ្វើការរើឈើនៅក្នុងរថយន្តយីឌុប១គ្រឿង មានដឹកជំនៀរឈើតូចៗ។ ចំណែករថយន្តយីឌុប៣គ្រឿងទៀត មិនបានធ្វើការរើ និងវាស់វែងងឡើយ ដោយគេសង្ស័យថា សមត្ថកិច្ចជំនាញទាំងនោះប្រហែលបានត្រូវរ៉ូវជាមួយក្រុមហ៊ុនហើយមើលទៅ? បានជាមិនធ្វើការរើ និងវាស់វែងបែបនេះ៕ដោយ: យក្ខឡោម